ចាន់ វឌ្ឍនាកា ចូលរួមជាមួយបឹងកេត សារជាថ្មី និងជាលើកទី៣ ក្នុងអាជីពរបស់ខ្លួន

មាស សុផាណារ៉ុង June 12, 2019


 

ភ្នំពេញ៖ ខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា កីឡាករ ចាន់​ វឌ្ឍនាកា ទីបំផុតបានត្រលប់ចូលរួមជាមួយបឹងកេត សារជាថ្មីទៀតហើយ និងជាលើកទី៣ ក្រោយពេលចាកចេញពីក្លឹបទៅប្រកបអាជីពជាមួយក្លឹបនៅលីគកំពូលម៉ាឡេស៊ី ( Malaysia Super League ) ២ដង ពុំជោគជ័យទាំង ២ដង។ នេះបើយោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹប។

គួរបញ្ជាក់ថា ចាន់ វឌ្ឍនាកា បានបរាជ័យពាក់កណ្ដាលផ្លូវ ក្នុងការប្រកបអាជីពនៅលីគកំពូលម៉ាឡេស៊ី ២រដូវកាលជាប់ៗគ្នា ដោយកាលពីរដូវកាលមុន កីឡាកររហស្សនាម CV11 រូបនេះ ត្រូវបានក្លឹប Pahang FA បញ្ចប់កិច្ចសន្យាពាក់កណ្ដាលទី បន្ទាប់ពីលេងបានត្រឹមជើងទី១ និងឆ្នាំ២០១៩ នេះ ត្រូវបានក្លឹប PKNS FC ប្រកាសបញ្ចប់កិច្ចសន្យាពាក់កណ្ដាលរដូវកាលដូចគ្នា ក្រោយបង្ហាញខ្លួនបាន ១៣ប្រកួត និងទាត់បញ្ជូលទីបាន ៣គ្រាប់។

នេះក៏ត្រូវបានចាត់ទុកជាលើកទី៣ ផងដែរដែល ចាន់ វឌ្ឍនាកា ប្រកបអាជីពជាមួយបឹងកេត ដ្បិតលើកដំបូងគឺនៅឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ ផ្ទេរមកពីព្រះខ័នរាជស្វាយរៀង ដែលឆ្នាំមាសរបស់ កីឡាករវ័យ២៥ឆ្នាំរូបនេះ ( ក្នុងអំឡុងឆ្នាំ២០១៧ វឌ្ឍនាកា ត្រូវបានក្លឹបនៅលីគទី៣ ជប៉ុន Fujieda MYFC ខ្ចីជើង ១រដូវកាល ) មុននឹងផ្លាស់ទៅចូលរួមជាមួយ Pahang FA នៅឆ្នាំ២០១៨ ហើយត្រលប់មកបឹងកេត វិញឆ្នាំដដែលពាក់កណ្ដាលរដូវកាល និងចុងក្រោយឆ្នាំ២០១៩ ផ្លាស់ទៅចូលរួមជាមួយ PKNS FC ហើយផ្លាស់មកចូលរួមជាមួយបឹងកេត សារជាថ្មីម្ដងទៀត នៅពាក់កណ្ដាលរដូវកាលដូចគ្នា៕

 

រូបភាព៖ បឹងកេត – Boeung Ket Football Club

អត្ថបទ៖ ណារ៉ុង

មតិយោបល់