ស្ថានភាពរបស់ក្រុមជម្រើសជាតិកម្ពុជា នៅប្រទេសកាតា មុនតតាំងជើងទី២ ជាមួយប៉ាគីស្ថាន

មាស សុផាណារ៉ុង June 10, 2019


 

ដូហា៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បាននឹងកំពុងត្រៀមខ្លួនសម្រាប់ការប្រកួតជើងទី២ វគ្គជម្រុះជុំដំបូងនៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ( 2022 FIFA World Cup qualification – AFC ) ទល់នឹងជម្រើសជាតិប៉ាគីស្ថាន នៅក្នុងទីក្រុង Doha ប្រទេសកាតា ដែលជាទឹកដីកណ្ដាល។

តាមការបញ្ជាក់ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រុមទាំងមូលហាក់ស្ថិតនៅក្នុងស្ថានភាពពិបាកបន្តិច ជាពិសេសគឺទៅលើបញ្ហាអាកាសធាតុ ដែលមានកម្ដៅខ្លាំង ដែលមានផលប៉ះពាល់ខ្លះៗដល់សមាជិកក្រុមទាំងមូល។

ប្រភពពីកាតាបានបង្ហើបឲ្យដឹងថា ប្រទេសដែលជាមហាសេដ្ឋីប្រេងកាតមួយនេះ គឺជាប្រទេសដែលមានកម្ដៅក្ដៅ ជាពិសេសនៅពេលថ្ងៃដែលអាចឡើងរហូតដល់លើស ៤០អង្សារ។ ប៉ុន្តែយ៉ាងណាមិញមិនជាប្រឈមខ្លាំង ដ្បិតការហ្វឹកហាត់គឺធ្វើឡើងនៅក្រោមពន្លឺភ្លើងអគ្គិសនី ពោលគឺនៅវេលាល្ងាច ដែលដូចគ្នាទៅនឹងពេលវេលាប្រកួតជាក់ស្ដែង ( ម៉ោង ៧យប់ ម៉ោងនៅប្រទេសកាតា – ម៉ោង ១១យប់ ម៉ោងនៅកម្ពុជា ) ប៉ុន្តែមានសភាពហប់បន្តិច ឬអាចនិយាយបានថាក្ដៅស្ងួត ដែលអាចឲ្យពិបាកដកដង្ហើមបន្តិច ប៉ុន្តែមិនជាបញ្ហាខ្លាំងឡើយ។

និយាយពីបញ្ហាសុខភាព ប្រភពដដែលបានបន្ថែមថា ដំបូងឡើយកីឡាករហាក់មានបញ្ហាបន្តិចបន្តួច ប៉ុន្តែពេលនេះល្អប្រសើរវិញហើយ ដោយស៊ាំជាមួយពេលវេលា ក៏ដូចជាអាកាសធាតុ។

ចំពោះចំណីអាហារ ប្រភពពីកីឡាករបានឲ្យដឹងថា គឺអាស្រ័យទៅលើភាពនិយមផ្ទាល់ខ្លួន កីឡាករខ្លះអាចទទួលបាន និងខ្លះទៀតមិនសូវនិយមជាមួយអាហារនៅទីនោះនៅឡើយ។

សូមបញ្ជាក់ជាថ្មីថា ក្រុមគោព្រៃកម្ពុជា នឹងត្រូវប្រកួតជាមួយប៉ាគីស្ថាន ជើងទី២ ម្ដងទៀត ដើម្បីកាត់សេចក្ដីរកក្រុមឡើងជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC) ដែលគ្រោងធ្វើឡើង នៅទីក្រុងដូហា ប្រទេសកាតា នាថ្ងៃទី១១ ខែមិថុនា វេលាម៉ោង១១:០០ នាទីយប់ ( ម៉ោងនៅកម្ពុជា ) ស្អែកនេះ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់