មន្ត្រីមួយរូបរបស់ប៉ាគីស្ថាន ដាក់បន្ទុកសហព័ន្ធដែលបំបែកខ្លួនទើបធ្វើឲ្យចាញ់កម្ពុជា

មាស សុផាណារ៉ុង June 10, 2019


 

ប៉ាគីស្ថាន៖ ជម្រើសជាតិប៉ាគីស្ថាន បានជួបនូវរឿងខកចិត្តសម្រាប់ការប្រកួតជើងទី១ វគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC) ក្រោយរងបរាជ័យក្រោមថ្វីជើងកម្ពុជា ២ទល់០ កាលពីថ្ងៃទី០៦ កន្លងទៅថ្មីៗនេះ។

បរាជ័យនេះបានធ្វើឲ្យមន្ត្រីមួយរូបរបស់សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន បានដាក់បន្ទុកទាំងស្រុងទៅលើសហព័ន្ធដែលដឹកនាំដោយ លោក Ashfaq Hussain Shah ជាសហព័ន្ធដែល FIFA មិនទទួលស្គាល់ ធ្វើឲ្យប៉ះពាល់លទ្ធផលចាញ់កម្ពុជា។

មន្ត្រីរូបនោះបានឆ្លើយឆ្លងទៅកាន់សារព័ត៌មានក្នុងស្រុករបស់ប៉ាគីស្ថានថា៖ «វាដោយសារតែសហព័ន្ធដែលដឹកនាំដោយ លោក Ashfaq ដែលជាហេតុនាំឲ្យយើងចាញ់។ អ្នកដឹងទេថាពួកគេបានរារាំងកីឡាករសំខាន់របស់យើងមួយចំនួន ហើយពួកគេព្រមានកីឡាករនៅក្នុងប៉ុន្មានថ្ងៃមុនការប្រកួត ដែលធ្វើឲ្យកីឡាករ និងមន្ត្រីរបស់យើង មានការភ័ន្តច្រឡំខ្លាំង។ ពួកគេមិនអាចផ្តោតលើការហ្វឹកហាត់ ពេលបោះជំរំនៅប្រទេសបារ៉ែន ដោយខ្លាចអ្វីៗដែលនឹងកើតឡើងចំពោះពួកគេ នៅពេលពួកគេត្រឡប់មកប្រទេសកំណើតវិញ។»

ដោយសារតែការរាំងបែបនេះហើយ ទើបបង្ខំចិត្តឲ្យសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន ជ្រើសរើសកីឡាករកូនកាត់ប៉ាគីស្ថាន ដែលប្រកបអាជីពនៅក្រៅប្រទេសច្រើន។

មន្ត្រីដដែលរូបនេះ បានបន្តថា៖ «បើសិនជាយើងមានកីឡាករសំខាន់ៗដែលត្រូវបានគេរារាំង យើងអាចយកឈ្នះកម្ពុជា ដោយងាយស្រួល ដូចដែលយើងបានបង្ហាញពួកគេនៅ ៨០នាទី កាលពីថ្ងៃប្រកួត។ យើងប្រហែលជាអាចមិនធ្វើឲ្យមានគ្រាប់បាល់កើតឡើង ជាមួយលទ្ធផល ០ទល់០ ហើយយើងស្ថិតក្នុងស្ថានភាពដែលល្អជាងដើម្បីយកឈ្នះពួកគេនៅជើងទី២ លើទឹកដីរបស់យើង។»

មន្ត្រីដែលមិនត្រូវបានបង្ហាញឈ្មោះរូបនេះបានបញ្ជាក់បន្ថែមទៀតផងដែរថា៖ «កម្ពុជា លេងមិនល្អជាងយើងទេ។ យើងបានបង្កើតឱកាសចំនួន៥ ប៉ុន្តែកម្ពុជាមានឱកាសខ្លះៗ និងជួយឲ្យពួកគេផ្លាស់ប្តូរ។» 

សូមបញ្ជាក់ថា ក្រុមគោព្រៃកម្ពុជា នឹងត្រូវប្រកួតជាមួយប៉ាគីស្ថាន ជើងទី២ ម្ដងទៀត ដើម្បីកាត់សេចក្ដីរកក្រុមឡើងជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC) ដែលគ្រោងធ្វើឡើង នៅទីក្រុងដូហា ប្រទេសកាតា នាថ្ងៃទី១១ ខែមិថុនា វេលាម៉ោង១១:០០ នាទីយប់ ( ម៉ោងនៅកម្ពុជា ) ស្អែកនេះ ខណៈកម្ពុជា កំពុងមានគុណសម្បត្តិច្រើនជាងដោយសារមាន ២គ្រាប់ក្នុងដៃ៕

 

ចុចអានអត្ថបទ៖ លម្អិតអំពីរឿងរ៉ាវចម្រូងចម្រាសរបស់សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន

 

ប្រភព៖ footballpakistan

អត្ថបទ៖ ណារ៉ុង

មតិយោបល់