ដំណឹងល្អ! កូរ៉េគ្រោងបោះទុនជិត ១០លានដុល្លារ សាងសង់កីឡដ្ឋានស្ដង់ដារ នៅឧដុង្គ

មាស សុផាណារ៉ុង June 10, 2019


 

ភ្នំពេញ៖ លោក ខូវ ឆាយ អគ្គលេខាធិការក្លឹបក្រសួងការពារជាតិ បានបញ្ជាក់ថា ពេលនេះសាធារណរដ្ឋកូរ៉េ បាននឹងកំពុងពិចារណា ដោយគ្រោងបោះទុនប្រមាណ ១០លានដុល្លារអាមេរ៉ិក សាងសង់កីឡដ្ឋានបាល់ទាត់ស្ដង់ដារអន្ដរជាតិមួយ នៅស្រុកឧដុង្គ។

ការអះអាងបែបនេះ ក្រោយពេលលោក និងក្រុមបាល់ទាត់វ័យចាស់កម្ពុជា-អាស៊ាន បានធ្វើដំណើរទស្សនៈកិច្ច និងប្រកួតមិត្តភាព នៅសាធារណរដ្ឋកូរ៉េ កាលពីពេលថ្មីៗ ហើយពួកលោកក៏បានជួបសំណេះសំណាល និងចងសម្ព័ន្ធភាពជាមួយមន្ដ្រីក្នុងជួររដ្ឋាភិបាលបាលកូរ៉េផងដែរ។

លោក ខូវ ឆាយ បានសរសេរលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា៖ «ដំណើរទស្សនកិច្ចលើកនេះ ទទួលបានសមិទ្ធិផលធំធេងមួយទៀត ដោយភាគីកូរ៉េពិចារណាលើការសហវិនិយោគបង្កើតកីឡដ្ឋានបាល់ទាត់ស្តង់ដាអន្តរជាតិមួយ នៅលើទឹកដីស្រុកឧដុង្គ លើផ្ទៃដី ៣០ហិកតា និងចំណាយទឹកប្រាក់សរុបជិត ១០លានដុល្លា»។

នេះគឺជាដំណឹងល្អ និងគួរឲ្យរីករាយមួយ ដែលប្រទេសជើងខ្លាំងផ្នែកបាល់ទាត់លំដាប់អាស៊ី និងពិភពលោក បានចាប់ចិត្តចង់វិនិយោគជាមួយវិស័យបាល់ទាត់នៅកម្ពុជា ហើយវាក៏ជាសញ្ញាណវិជ្ជមាន ដើម្បីរួមចំណែករុញច្រានការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន ជាមួយថ្នាក់ដឹកនាំក្លឹបក្នុងស្រុកមួយចំនួន ដែលកំពុងធ្វើការអភិវឌ្ឍន៍បាល់ទាត់ដោយមិនគិតពីការនឿយហត់ផងដែរ។

គួរបញ្ជាក់ថា លោក ខូវ ឆាយ និងក្រុមបាល់ទាត់វ័យចាស់កម្ពុជា-អាស៊ាន បានធ្វើដំណើរទស្សនៈកិច្ចរយៈពេល ១សប្ដាហ៍ លើទឹកដីសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី០២-០៨ ខែមិថុនា ហើយបានធ្វើការប្រកួត ៦ប្រកួត ជាមួយលទ្ធផលឈ្នះ២ ស្មើ២ និងចាញ់ ២។ លើសពីនេះ ពួកគេបានចងសម្ព័ន្ធភាពជាមួយអភិបាលក្រុមចំនួន ៣ រួមមានក្រុងអ៊ុលសាន ក្រុងគីមហេ និងក្រុងម៉ាប៉ូ ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៌បាល់ទាត់ សិក្សាវប្បធម៌ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានទៀតផង៕

 

រូបភាព៖ Khov Chhay

អត្ថបទ៖ បុត្រា

មតិយោបល់