អង្គរថាយហ្គឺរ ធ្វើកម្មវិធីសប្បុរសធម៌ចំនួន ២ ក្នុងឱកាសលីគសម្រាក

មាស សុផាណារ៉ុង June 10, 2019


 

ភ្នំពេញ៖ ស្របពេលការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា ត្រូវបានសម្រាក ១សប្ដាហ៍ ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ បានរៀបចំកម្មវិធីសប្បុរសធន៌ចំនួន ២ គឺកម្មវិធី Football Clinic 2019 និងប្រកាសបរិច្ចាគស្បែកជើងដល់ក្រុមបាល់ទាត់ពិការភ្នែក នៅខេត្តសៀមរាប កាលពីចុងសប្ដាហ៍កន្លងទៅ។

បើតាមការបញ្ជាក់លើបណ្ដាញសង្គមរបស់ក្លឹបមានមូលដ្ឋាន នៅខេត្តសៀមរាបនេះ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យម្សិលមិញ ក្លឹបបានបរិច្ចាគស្បែកជើងបាល់ទាត់ ទៅឲ្យក្រុមបាល់ទាត់ពិការភ្នែក នៅខេត្តសៀមរាប ដែលគាំទ្រដោយអង្គការបារាំង «Soulcial Trust» ខណៈពួកគេ នឹងត្រូវប្រកួតជាមួយក្រុមនៅរាជធានីភ្នំពេញ ក្នុងឆ្នាំនេះ។

ក្មេងៗច្រើនជាង ១០នាក់ បានហ្វឹកហាត់ជារៀងរាល់ថ្ងៃច័ន្ទ, ពុធ និងថ្ងៃសុក្រ ហើយពួកគេ សុទ្ធតែចូលចិត្តលេងបាល់ទាត់ខ្លាំង។ ដោយឡែកកាលពីថ្ងៃសៅរ៍ ក្លឹបបានសហការជាមួយសណ្ឋាគារសុខា រៀបចំកម្មវិធី Football Clinic 2019 ដោយមានសិស្សានុសិស្សនៃវិទ្យាល័យពួក ចំនួន ៤១នាក់ចូលរួមកម្ម ហើយពួកគេ បានបង្ហាញនូវសេចក្ដីសប្បាយរីករាយជាខ្លាំង ជាមួយក្រុមការងារ និងកីឡាករសំខាន់ៗ របស់ក្រុមកំពុងឈរលេខរៀងទី៣ នៃលីគកំពូលកម្ពុជា តាមរយៈកម្មវិធី Football Clinic។

គួរដឹងថា អង្គរថាយហ្គឺរ បច្ចុប្បន្នកំពុងឈរលេខ ៣ និងមាន ២១ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ១០ប្រកួតឈ្នះ៦ ស្មើ៣ និងចាញ់១។ ចំពោះចុងសប្ដាហ៍នេះ បន្ទាប់ពីលីគសម្រាក ពួកគេនឹងត្រូវបើកទ្វារផ្ទះកីឡដ្ឋានខេត្តសៀមរាប ទទួលក្រុមមានមូលដ្ឋាននៅខេត្តតាកែវ គឺគិរីវង់សុខសែនជ័យ នាថ្ងៃទី១៦ ខែមិថុនា ក្នុងសប្ដាហ៍ទី១១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩៕

 

រូបភាព៖ អង្គរថាយហ្គឺរ – Angkor Tiger Football Club

អត្ថបទ៖ បុត្រា

មតិយោបល់