កែវ សុខង៉ន និយាយបែបនេះក្រោយ សៀង ចន្ធា បំបែកកំណត់ត្រារបស់ខ្លួនក្នុងក្រុមជម្រើសជាតិកម្ពុជា

មាស សុផាណារ៉ុង June 8, 2019


 

ភ្នំពេញ៖ ទីបំផុតកំណត់ត្រាកីឡាករក្មេងជាងគេ ដែលរកបានគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិកម្ពុជារបស់ កែវ សុខង៉ន បច្ចុប្បន្នជាអ្នកចាត់ការក្លឹបបាល់ទាត់ភ្នំពេញក្រោន ត្រូវបានបំបែកហើយក្រោយក្ដោបក្ដាប់ជិត ១០ឆ្នាំ ដែលបំបែកបានដោយសិស្សប្អូន សៀង ចន្ធា បន្ទាប់ពីខ្សែប្រយុទ្ធវ័យ ១៦ឆ្នាំ និង៨ខែ រូបនេះរកបាន ១គ្រាប់នាំមុខឲ្យក្រុមជម្រើសជាតិកម្ពុជា យកឈ្នះក្រុមជម្រើសជាតិប៉ាគីស្ថាន កាលពីរាត្រីថ្ងៃព្រហស្បត្តិ៍កន្លងទៅ។

ជាមួយការបំបែកកំណត់ត្រាដ៏កម្រនេះ លោក កែវ សុខង៉ន បានធ្វើការកោតសរសើរ ចំពោះសិស្សប្អូន សៀង ចន្ធា ហើយក៏សប្បាយចិត្ត ដែលកម្ពុជាមានកីឡាករវ័យក្មេង និងមានសមត្ថភាព អាចរកគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិកម្ពុជាផងដែរ។ លោកថា៖ «សៀង ចន្ធា គាត់វ័យក្មេង តែគាត់ក្លាហាន ក្នុងការលេង ពិសេសការបំលាស់ទីគាត់ល្អ ជាក់ស្ដែងតង់ទី២ បន្ទាប់ពីគាត់ប្ដូរចូល គាត់ហ៊ានប្រយុទ្ធ អញ្ចឹងទៅទើបធ្វើឲ្យគាត់មានឱកាសលេងក្នុងប្រអប់ទីប៉ាគីស្ថាន រហូតមានឱកាសស៊ុតបញ្ចូលទី»។

ម្យ៉ាងវិញទៀត អតីតកីឡាករជម្រើសជាតិរូបនេះ ក៏បានកោតសរសើរ ចំពោះក្រុមជម្រើសជាតិទាំងមូលដែលហ្វឹកហាត់ត្រឹម ៣ថ្ងៃ ហើយបានបង្ហាញនូវទម្រង់លេងដ៏ល្អផងដែរ។ លោកបន្ថែមថា៖ «ជារួមលេងជាមួយប៉ះគីស្ថាន កម្ពុជាយើងបង្ហាញទម្រង់លេងល្អ ស៊ីចង្វាក់គ្នា ដែលបង្ហាញនូវមហិច្ឆតាថា បាល់ទាត់គឺលេង ១១នាក់ ជាក់ស្ដែងតាំងពីអ្នកចាំទី ដល់តំបន់ប្រយុទ្ធ ពួកគាត់ធ្វើការទាំងអស់ ពេលបាត់បាល់គាត់មានចលនាទាំងអស់គ្នា ពេលមានបាល់គាត់សហការគ្នាលេង ដែលនេះគឺជាវិន័យបាល់ទាត់»។

គេចាំបានថា កែវ សុខង៉ន បានក្លាយជាកីឡាករកម្ពុជាដំបូងគេ ដែលរកបានគ្រាប់បាល់ឲ្យកម្ពុជា ក្នុងនាមកីឡាករក្មេងជាងគេពេលកម្ពុជា យកឈ្នះម៉ាកាវ ២ទល់១ ក្នុងពូល A នៃវគ្គជម្រុះពានរង្វាន់ AFC Challenge Cup 2009 នៅបង់ក្លាដែស។

ក្នុងជ័យជម្នះនោះ សុខង៉ន រកបាន ១គ្រាប់ ដ្បិតពេលនោះ រូបគេទើបមានវ័យ ១៦ឆ្នាំ ១១ខែ និង ២៩ថ្ងៃ។ ដូច្នេះកំណត់ត្រានេះ ត្រូវបានបំបែក បន្ទាប់ពី សៀង ចន្ធា បានស៊ុត ១គ្រាប់ឲ្យកម្ពុជា ឈ្នះប៉ាគីស្ថាន ២-០ ខណៈគិតត្រឹមថ្ងៃរកបានគ្រាប់បាល់ ចន្ធា មានវ័យ ១៦ឆ្នាំ ៨ខែ និង ២៨ថ្ងៃប៉ុណ្ណោះ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់