ស៊ិន កក្កដា បោះបង់ឱកាសលេងឲ្យក្លឹបលីគកំពូលថៃ Chainat FC ដើម្បីជួយក្រុមជម្រើសជាតិ

មាស សុផាណារ៉ុង June 8, 2019


 

ភ្នំពេញ៖ កីឡាករវ័យក្មេងរបស់ក្លឹបបាល់ទាត់វិសាខា ស៊ិន កក្កដា បានបញ្ជាក់ថា ខ្លួនបានសម្រេចចិត្តបោះបង់ឱកាសមាស ទៅធ្វើតេស្ដសមត្ថភាពជាមួយក្លឹបលីគកំពូលថៃ Chainat FC ដើម្បីជួយក្រុមជម្រើសជាតិកម្ពុជា។ នេះបើតាមការបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩។

ការអះអាងបែបនេះស្របពេល កក្កដា ចង់បញ្ជាក់មូលហេតុប្រាប់អ្នកគាំទ្រ ជាមួយនឹងសំណួរថា «ហេតុអ្វីខ្ញុំមិនមានឈ្មោះពីដំបូង នៅក្រុមជម្រើសជាតិ?»។ ម្ចាស់អាវលេខ១១ ក្នុងក្រុមគោព្រៃកម្ពុជារូបនេះ បានសរសេរបន្ដថា៖ «គឺដោយសារខ្ញុំត្រូវបាន ក្លឹប Chainat FC នៅប្រទេសថៃ អញ្ជើញឲ្យហាត់សាកល្បងសមត្ថភាព (TEST) ជាមួយក្លឹប នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ រយ:ពេលមួយសប្ដាហ៍ ហើយបើជាប់ខ្ញុំនឹងចូលរួមជាក្លឹប សម្រាប់ជើងទី២ នៃលីកកំពូលថៃ ក្នុងនាមជាកីឡាករកូតាអាស៊ាន»។

ប៉ុន្ដែទីបំផុសគេបានបោះបង់ឱកាសនេះ បន្ទាប់ពីមានការជជែករវាងគ្រូជម្រើសជាតិ ក្លឹប និងខ្លួនផ្ទាល់។ កក្កដា បន្ដថា៖ «ក៏ប៉ុន្ដែមួយថ្ងៃមុនត្រូវចេញដំណើរ លោកគ្រូជម្រើសជាតិ បានពិភាក្សាជាមួយខ្ញុំនិ ងថ្នាក់ដឹកនាំក្លឹបវិសាខា ហើយជាចុងក្រោយយើងក៏បានសម្រេចគ្នាថា ខ្ញុំត្រូវចូលរួមជាមួយជម្រើសជាតិ…។ ខ្ញុំត្រូវបាត់បង់ឱកាសមាសមួយ ដែលអាចលេងនៅលីគថៃ តែខ្ញុំបានទទួលឱកាស ដែលមានតំលៃដ៏ធំធេងមួយ គឺខ្ញុំមានចំណែកចូលរួមជាមួយជម្រើសជាតិ ក្នុងយុទ្ធនាការប្រកួត World Cup វគ្គដំបូង ដែលវាជាសុបិនរបស់កីឡាករបាល់ទាត់គ្រប់រូប»។

គួរបញ្ជាក់ថា ទោះបី ស៊ិន កក្កដា ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកម្ពុជា និងបានជាប់ជម្រើស ២៣នាក់ចុងក្រោយ ប៉ុន្ដែសម្រាប់ការប្រកួតជើងទី១ ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន ដោយកម្ពុជា បានយកឈ្នះ ២ទល់០ កាលពីថ្ងៃមុន កក្កដា មិនទាន់ត្រូវបានគ្រូបង្វឹកដាក់ឲ្យលេងនោះទេ ដោយអង្គុយនៅកៅអីបម្រុងហើយពេលនេះ គេក៏បានធ្វើដំណើរទៅប្រទេសកាតា ជាមួយក្រុមគោព្រៃ ដើម្បីត្រៀមប្រកួតជើងទី២ ជាមួយប៉ាគីស្ថាន ដើម្បីកាត់សេចក្ដីរកក្រុមឡើងជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា(2022 FIFA World Cup qualification-AFC) ផងដែរ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់