កីឡាករបីរូបត្រូវបានជម្រុះចេញពីបញ្ជីជម្រើសជាតិ ខណៈ ២៣នាក់ទៀតកំពុងធ្វើដំណើរទៅប្រទេសកាតា

មាស សុផាណារ៉ុង June 7, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បាននឹងកំពុងត្រៀមចាកចេញពីមាតុប្រទេសនៅល្ងាចថ្ងៃទី០៧ ខែមិថុនា នេះដើម្បីហោះឆ្ពោះទៅកាន់កាតា សម្រាប់ការប្រកួតជើងទី២ នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC) ជាមួយប៉ាគីស្ថាន សារជាថ្មី។

ខណៈដំណើរនេះគឺមានកីឡាករតែ ២៣នាក់ប៉ុណ្ណោះ ដែលត្រូវមានអទិភាពរួមដំណើរជាមួយក្រុមថ្នាក់ដឹកនាំ ក៏ដូចជាត្រៀមតតាំងជាមួយ ប៉ាគីស្ថាន សារជាថ្មី ស្របពេលដែលកីឡាករ ៣នាក់ដែលមាននៅក្នុងជំរំហ្វឹកហាត់តាំងពីពេលចាប់ផ្ដើមដំបូងត្រូវបានជម្រុះចេញកាលពីម្សិលមិញ។

យោងតាមបញ្ជីកីឡាករនៅក្នុងការប្រកួតកាលពីម្សិលមិញ កីឡាករ៣រូបពុំមានឈ្មោះក្នុងបញ្ជីឡើយទាំងជម្រើស ១១នាក់ដំបូង ក៏ដូចជានៅកៅអីបម្រុង ពោលគឺកីឡាករ ដាវ នីម, ស៊ិន សុផាណាត និង ម៉ៅ ពិសិដ្ឋ ស្របពេលដែលប្រភពដ៏ជិតស្និតក៏បានបង្ហើបដូចគ្នាបែបនេះផងដែរ។

ទោះបីជាត្រូវកាត់ចេញពីបញ្ជី ប៉ុន្តែលោក Felix Dalmas នៅតែចាត់ទុកកីឡាករទាំង ៣រូបនេះជាចំណែកសម្រាប់ក្រុម ដ្បិតចំពោះ កីឡាករ ដាវ នីម និង ម៉ៅ ពិសិដ្ឋ ទើបតែស្ថិតក្នុងជំហានចាប់ផ្ដើម តាមរយៈការកោះហៅជាលើកដំបូង ក៏ដូចជាស្ថិតក្នុងវ័យក្មេងនៅឡើយ ខណៈ ស៊ិន សុផាណាត ធ្លាប់មានឱកាសជាប់ឈុតធំម្ដងរួចមកហើយផងដែរ។

គួររំលឹកថា ក្រុមគោព្រៃកម្ពុជា នឹងត្រូវប្រកួតជាមួយប៉ាគីស្ថាន ជើងទី២ ម្ដងទៀត ដើម្បីកាត់សេចក្ដីរកក្រុមឡើងជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC) ដែលគ្រោងធ្វើឡើង នៅទីក្រុងដូហា ប្រទេសកាតា នាថ្ងៃទី១១ ខែមិថុនា ខាងមុខ ខណៈកម្ពុជា កំពុងមានគុណសម្បត្តិច្រើនជាងដោយសារមាន ២គ្រាប់ក្នុងដៃ៕

កីឡាករ ដាវ នីម

កីឡាករ ម៉ៅ ពិសិដ្ឋ 

កីឡាករ ស៊ិន សុផាណាត

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់