ជម្រើសជាតិកម្ពុជា ចាកចេញទៅប្រទេសកាតា ល្ងាចនេះ ត្រៀមប្រកួតជើងទី២

មាស សុផាណារ៉ុង June 7, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងចាកចេញពីមាតុប្រទេសនៅល្ងាចថ្ងៃទី០៧ ខែមិថុនា នេះដើម្បីហោះឆ្ពោះទៅកាន់កាតា សម្រាប់ការប្រកួតជើងទី២ នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC) ជាមួយប៉ាគីស្ថាន សារជាថ្មី។

តាមការឲ្យដឹងពីមន្ត្រីសារព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថាសមាសភាពក្រុមទាំងមូលនឹងចាកចេញ ពីទឹកដីកម្ពុជា នៅវេលាម៉ោង ៥:១៥ នាទីល្ងាច តាមរយៈជើងហោះហើរលេខ RQ 971 ដែលហោះឆ្ពោះទៅប្រទេសវៀតណាម ជាមុនសិន មុននឹងបន្តដំណើរត្រង់ទៅកាន់ប្រទេសកាតា ជាគោលដៅចុងក្រោយ។

ប្រភពដដែលក៏បានបន្ថែមផងដែរថា ក្រុមគោព្រៃកម្ពុជា នឹងចំណាយពេលប្រហែល ៦ម៉ោងសម្រាប់ការធ្វើដំណើរ ដោយគ្រោងនឹងទៅដល់ប្រទេសមហាសេដ្ឋីប្រេង មួយនេះនៅវេលាម៉ោង ១១:១៥ យប់ថ្ងៃដដែល។

សូមបញ្ជាក់ថា ក្រុមគោព្រៃកម្ពុជា នឹងត្រូវប្រកួតជាមួយប៉ាគីស្ថាន ជើងទី២ ម្ដងទៀត ដើម្បីកាត់សេចក្ដីរកក្រុមឡើងជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC) ដែលគ្រោងធ្វើឡើង នៅទីក្រុងដូហា ប្រទេសកាតា នាថ្ងៃទី១១ ខែមិថុនា ខាងមុខ ខណៈកម្ពុជា កំពុងមានគុណសម្បត្តិច្រើនជាងដោយសារមាន ២គ្រាប់ក្នុងដៃ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់