សៀង ចន្ធា ទម្លាយសម្ដី Felix មុនប្ដូរចូល ដើម្បីយកឈ្នះប៉ាគីស្ថាន យប់មិញ

មាស សុផាណារ៉ុង June 7, 2019


 

ភ្នំពេញ៖ ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ត្រូវបានអ្នកគាំទ្រកោតសរសើរមិនដាច់ពីមាត់ បន្ទាប់ពីរកបានគ្រាប់បាល់ដំបូង ក្នុងជ័យជម្នះ ២-០ លើក្រុមជម្រើសជាតិប៉ាគីស្ថាន ក្នុងជើងទី១ នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC) កាលពីយប់មិញ។

ចន្ធា បានសម្ដែងអារម្មណ៍ត្រេកអរ និងសប្បាយរីករាយជាខ្លាំង ចំពោះការរកបានគ្រាប់បាល់ដំបូង សម្រាប់ចូលរួមជាមួយក្រុមជម្រើសជាតិឈុតធំ។ លើសពីនេះ គេក៏បានទម្លាយសម្ដីរបស់លោក Felix Dalmas អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា មុនផ្លាស់ប្ដូររូបគេ ជំនួសកន្លែងកីឡាករ សេត រ៉ស៊ីប នៅនាទី៧៥ ផងដែរ។

យុវជនសាលាបាល់ទាត់ជាតិបាទីរូបនេះ និយាយថា «ខ្ញុំសប្បាយចិត្តខ្លាំងមែនទែន បន្ទាប់ពីខ្ញុំរកបានគ្រាប់បាល់ដំបូង សម្រាប់ការលេងឲ្យក្រុមជម្រើសជាតិឈុតធំ និយាយរួមពេលខ្ញុំស៊ុតចូល ខ្ញុំរំភើបខ្លាំង គ្មានអ្វីប្រៀបផ្ទឹមបាន…។ មុនចូលគាត់ (Felix) បានប្រាប់អំពីតាក់ទិចលេង តែសំខាន់បំផុត គាត់ប្រាប់ថា ត្រូវរកគ្រាប់បាល់ឲ្យគាត់ឲ្យបាន» ។

គួរបញ្ជាក់ថា សៀង ចន្ធា បានក្លាយជាកីឡាករវ័យក្មេងជាងគេ ដែលរកបានគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិកម្ពុជា ក្នុងវ័យទើប ១៦ឆ្នាំ និង ៨ខែ គ្រាដែលគ្រាប់ទី២ យប់មិញ រកបានដោយកីឡាករចាស់វស្សាជាងគេក្នុងក្រុម គឺកីឡាករ គួច សុកុម្ភៈ មកពីណាហ្គាវើល ដែលជួយឲ្យកម្ពុជា ឈ្នះក្រុមភ្ញៀវប៉ាគីស្ថាន ២-០។

យ៉ាងណាមិញក្រុមគោព្រៃកម្ពុជា នឹងត្រូវប្រកួតជាមួយប៉ាគីស្ថាន ជើងទី២ ម្ដងទៀត ដើម្បីកាត់សេចក្ដីរកក្រុមឡើងជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC) ដែលគ្រោងធ្វើឡើង នៅទីក្រុងដូហា ប្រទេសកាតា នាថ្ងៃទី១១ ខែមិថុនាខាងមុខ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់