លោក José Antonio សោកស្ដាយចំពោះលទ្ធផលដ្បិតមុនកម្ពុជា ទាត់ចូល២គ្រាប់ ប៉ាគីស្ថាន មានឱកាសល្អ២ដង

មាស សុផាណារ៉ុង June 7, 2019


 

ភ្នំពេញ៖ លោក José Antonio Nogueira គ្រូបង្វឹកក្រុមជម្រើសជាតិប៉ាគីស្ថាន បានបង្ហើបពីក្ដីសោកស្ដាយចំពោះលទ្ធផលដ្បិតមុនកម្ពុជា ទាត់ចូល២គ្រាប់ ប៉ាគីស្ថាន មានឱកាសល្អ២ដង ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ( 2022 FIFA World Cup qualification – AFC ) ម្សិលមិញ។

រំលឹកទៅដល់ការប្រកួត ក្រុមភ្ញៀវប៉ាគីស្ថាន ស្ទើរតែនឹងមានឱកាសនាំមុខមុននៅពេលដែលកីឡាកររបស់ប្រទេសមកពីអាស៊ីភាគខាងត្បូង ព្យាយាមទាត់សំដៅទីរបស់កម្ពុជា ប៉ុន្តែត្រូវបានបដិសេធដោយអ្នកចាំទីកីឡាករ កែវ សុខសិលា ជាច្រើនច្រើនសារ ដែលនាំឲ្យក្រោយមកកម្ពុជា ក៏រកគ្រាប់បាល់បានជាបន្តបន្ទាប់ត្រឹម ២នាទី នៅមុនបញ្ចប់ការប្រកួត ៦នាទី។

ការណ៍នេះត្រូវបានគ្រូបង្វឹក លោក José Antonio Nogueira បានបញ្ជាក់នៅក្រោយចប់ការប្រកួតយ៉ាងដូច្នេះថា៖ «ពិតជាការប្រកួតដ៏គួរឲ្យរំភើបសម្រាប់ក្រុមទាំង២ យើងបានវាយបកជាច្រើនលើកច្រើនសារ និងការគ្រប់គ្រងបាល់ នៅវគ្គទី១ ហើយនៅវគ្គទី២ យើងបន្តគ្រប់គ្រងបាល់ដូចគ្នា។ នៅមុនពេលយើងបាត់បង់ឱកាសល្អ២ ហើយក្នុងនោះមួយកើតចេញពីការសង្រ្គោះដ៏ល្អរបស់អ្នកចាំទីកម្ពុជា និងបន្ទាប់ពីនេះ ១០នាទីក្រោយអ្នកចាំទីសង្រ្គោះបាល់ដ៏អស្ចារ្យ កម្ពុជា ចាប់ផ្ដើមលេងបានកាន់តែល្អ តាមរយៈការយល់ដឹងលើការទាត់បញ្ចូលទី លើការបញ្ជូន ពិតជាគ្រាប់បាល់ដ៏ល្អពីតំបន់ខាងស្ដាំរបស់ខ្ញុំ បន្ទាប់មកទៀតយើងមានកំហុសផ្សេងទៀត នៅតំបន់ការពារ ហើយរបូតគ្រាប់ទី២ ប៉ុន្តែយើងនៅតែព្យាយាមរហូតដល់ទីបញ្ចប់ ប៉ុន្តែជាអកុសលយើងរបូត ២គ្រាប់ថ្ងៃនេះ។»

លោកបានលើកឡើងបន្តទៀតផងដែរ ជុំវិញការផ្លាស់ប្ដូរកីឡាកររបស់កម្ពុជា បានធ្វើឲ្យស្ថានភាពនៃការប្រកួតមានការប្រែប្រួល ជាពិសេសធ្វើឲ្យមានដាក់សម្ពាធ ក៏ដូចជាការប្រជែងយកបាល់បានយ៉ាងល្អផងដែរ។

គួររំលឹកជាថ្មីថា ការប្រកួតដែលកម្ពុជា យកឈ្នះ ប៉ាគីស្ថាន ២ទល់០ គឺកើតចេញពីកីឡាករវ័យក្មេង និងផ្លាស់ប្ដូរចូល សៀង ចន្ធា នៅនាទី៨២ មុននឹងរាមច្បងជាងគេនៅក្នុងក្រុមកីឡាករ គួច សុកុម្ភៈ នៅ២នាទីបន្ទាប់។

ក្រុមទាំង២ នឹងត្រូវជួបគ្នាម្ដងទៀតសម្រាប់ជើងទី២ នៅថ្ងៃទី១១ ខែដដែល ដើម្បីសម្រេចរកក្រុមដែលឈ្នះឡើងទៅជុំបន្ទាប់ ឬអាចហៅបានថា វគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification-AFC ) ដែលមានប្រទេសចំនួន៣៤ អង្គុយរង់ចាំ បូកក្រុមដែលឈ្នះវគ្គនេះ ៦ក្រុមទៀត៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់