Felix អរគុណអ្នករិះគន់ ហើយសង្ឃឹមពួកគេពេញចិត្តក្រោយឃើញការលេងថ្ងៃនេះ

មាស សុផាណារ៉ុង June 6, 2019


 

ភ្នំពេញ៖ លោក Felix G.Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានធ្វើការអរគុណ ចំពោះអ្នករិះគន់ការសម្រេចចិត្ដរបស់ខ្លួន ហើយសង្ឃឹមថា អ្នករិះគន់ទាំងនោះ នឹងពេញចិត្ត បន្ទាប់ពីបានឃើញកីឡាកររបស់ក្រុមគោព្រៃកម្ពុជា បង្ហាញសមត្ថភាពដ៏អស្ចារ្យជាមួយក្រុមកីឡាករមាឌធំៗ គឺក្រុមជម្រើសជាតិប៉ាគីស្ថាន ជាមួយនឹងជ័យជម្នះ ២ទល់០ ថ្ងៃនេះ។

ថ្លែងក្រោយចប់ការប្រកួតលោក Felix បានអះអាងថា លោកបានដឹងអំពីការរិះគន់របស់អ្នកគាំទ្រមួយចំនួន ទៅលើការជ្រើសរើសកីឡាកររបស់ខ្លួនតែលោកមិនបន្ទោស ឬខ្វល់ ចំពោះការរិះគន់ទាំងនោះឡើយ ព្រោះអ្នកគាំទ្ររិះគន់ ដោយសារចង់ឲ្យក្រុមជម្រើសជាតិល្អ និងទទួលបានជ័យជម្នះប៉ុណ្ណោះ។ ដូច្នេះក្រោយការប្រកួតជាមួយប៉ាគីស្ថាន លោករំពឹងថា អ្នករិះគន់នឹងពេញចិត្ត ហើយសប្បាយរីករាយជាមួយជ័យជម្នះនេះ ។

លោកនិយាយថា «ខ្ញុំពិតជាសូមអរគុណ ទោះបីមានអ្នកគាំទ្រ បានរិះគន់ចំពោះការសម្រេចចិត្តរបស់ខ្ញុំក៏ដោយ តែការពិត ព្រោះពួកគាត់ខ្វល់ និងចង់ឲ្យក្រុមជម្រើសជាតិ មានការរីកចម្រើន ក៏ដូចជាទទួលបានលទ្ធផលល្អ ។ អ្វីដែលយើងខំប្រឹង គឺយើងព្យាយាមស្វែងរកព័ត៌មាន ឬបច្ចេកទេសយ៉ាងម៉េច ដើម្បីឲ្យក្រុមមួយនេះធ្វើបានល្អ ហើយខ្ញុំសង្ឃឹមថា ពួកគាត់ នឹងសប្បាយរីករាយ និងការធ្វើបានល្អរបស់កីឡាករយើង»។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ បន្ដថា «ជាការពិត ខ្ញុំមិនផ្ដោតសំខាន់លើការរិះគន់ទាំងនោះទេ ខ្ញុំសង្ឃឹមថា អ្នករិះគន់ ចំពោះការសម្រេចចិត្តរបស់ខ្ញុំ នឹងពេញចិត្ត ចំពោះការលេងរបស់កីឡាករទាំងអស់ ដែលបានបង្ហាញថ្ងៃនេះ ព្រោះពួកគាត់បានលេងអស់ពីសមត្ថភាព និងធ្វើបានយ៉ាងល្អថ្ងៃនេះ»។

យ៉ាងណាមិញលោក Felix មិនបានត្រេកអរជាមួយជ័យជម្នះខាងលើប៉ុន្មានទេ ដោយលោកចង់ឲ្យកីឡាករម្នាក់ៗ បន្ដការខិតខំបន្ថែមទៀត ដើម្បីត្រៀមការប្រកួតជើងទី២ ជាមួយប៉ាគីស្ថាន នៅទីក្រុងដូហា ប្រទេសកាតា នាថ្ងៃទី១១ ខែមិថុនាខាងមុខ ដើម្បីធានាកៅអីឡើងទៅជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC) ប្រចាំទ្វីបអាស៊ី៕

 

អត្ថបទ៖ បុត្រា

មតិយោបល់