សម្តេចតេជោ អបអរក្រុមគោព្រៃកម្ពុជាទាំងយប់ក្រោយផ្តួលក្រុមជម្រើសជាតិប៉ាគីស្ថាន ២-០

នូ មករា June 6, 2019


ភ្នំពេញ​៖ សម្តចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហោះសារអបអរសាទរដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទាំងយប់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច បន្ទាប់ពីក្រុមម្ចាស់ផ្ទះគោព្រៃកម្ពុជាបានយកឈ្នះលើក្រុមភ្ញៀវប៉ាគីស្ថានក្នុងលទ្ធផល ២-០ នៅក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification-AFC ) ជើងទី១រួចមក។

សម្តេចបានបញ្ជាក់ថា៖ “សូមកោតសរសើរដល់ ក្រុមកីឡាករក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានទទួលជ័យជម្នះក្នុងការប្រកួតជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន ក្នុងលទ្ធផល ( កម្ពុជា២ Vs ប៉ាគីស្ថាន ០ )សម្រាប់វគ្គជម្រុះដំបូង នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC) ដែលទើបបញ្ចប់ការប្រកួតមុននេះបន្ដិច នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។” ជាមួយគ្នានេះសម្តេចក៏បានអរគុណដល់អ្នកគាំទ្រដោយបន្ថែមថា៖ “អរគុណបងប្អូនប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន តាមទូរទស្សន៍។ សូមជូនពរកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត៕”

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជានឹងចាកចេញពីមាតុប្រទេសឆ្ពោះទៅកាន់ប្រទេសកាតានៅវេលាម៉ោង​​៥ ថ្ងៃទី៧ ខែមិថុនា ស្អែកនេះដើម្បីប្រកួតជើងទី២​ក្នុងព្រឹត្តិការណ៍ដដែលនេះ ដើម្បីកាត់សេចក្តីរកអ្នកឈ្នះឡើងទៅវគ្គជម្រុះពូលជាបន្តទៀត៕
អត្ថបទ៖ មករា

មតិយោបល់