គ្រូកម្ពុជា ថាទោះឈ្នះ ២ទល់០ តែមិនទាន់ពេញចិត្តជាមួយលទ្ធផលនៅឡើយ

មាស សុផាណារ៉ុង June 6, 2019


 

ភ្នំពេញ៖ លោក Filex Dalmas គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ជុំវិញការប្រកួតដែលយកឈ្នះ ក្រុមជម្រើសជាតិប៉ាគីស្ថាន ក្នុងលទ្ធផល ២ទល់០នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification-AFC ) ជើងទី១ ថានៅមិនទាន់ពេញចិត្តនៅឡើយ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនដែលកំពុងមានការកោតសរសើរពីអ្នកគាំទ្រកម្ពុជាបានលើកឡើងថា៖ «ជាដំបូងអបអរសាទរដល់កីឡាករ មិនមែនតែ២៣នាក់ទេ តែ២៦នាក់ដែលបានចូលជំរំហ្វឹកហាត់ ដែលបានធ្វើការយ៉ាងខ្លាំង មិនមែនត្រឹមតែក្នុងទីលាន និងក្រៅទីលានឡើយ ដូច្នេះអបអរ សម្រាប់កិច្ចប្រឹងប្រែងពួកគេ និងលទ្ធផលនេះ អ្វីដែលយើងគិតគឺយើងនៅ ៩០នាទីទៀតដើម្បីប្រកួត ហើយយើងមិនទាន់ពេញចិត្តនៅឡើយទេ នេះគឺជាការជំហានចាប់ផ្ដើម ដូចដែលខ្ញុំបាននិយាយ យើងមិនផ្ដោតលើលទ្ធល យើងផ្ដោតលើការរីកចម្រើន។»

លោក Felix Dalmas បានបន្តថា លោកពិតជាមានមោទនភាពដែលកូនក្រុមប្រកួតបានយ៉ាងល្អជាមួយគូប្រកួតដែលខ្លាំង ហើយពិបាក របៀបដែលយើងលេង ជាមួយនឹងគោលការណ៍ ហើយនឹងតែងតែព្យាយាមប្រកួតនូវរបៀបដែលយើងចង់លេង ហើយក៏បានសម្ដែងនូវការអរគុណដល់អ្នកគាំទ្រដែលតែងតែគាំទ្រទោះបីជាស្ថិតក្រោមដំណក់ភ្លៀងធ្លាក់ក៏ដោយ ដែលនេះហើយជាមូលហេតុឲ្យក្រុមព្យាយាមអស់ពីលទ្ធភាព។

គួរបញ្ជាក់ថា ការប្រកួតដែលកម្ពុជា យកឈ្នះ ប៉ាគីស្ថាន ២ទល់០ គឺកើតចេញពីកីឡាករវ័យក្មេង និងផ្លាស់ប្ដូរចូល សៀង ចន្ធា នៅនាទី៨២ មុននឹងរាមច្បងជាងគេនៅក្នុងក្រុមកីឡាករ គួច សុកុម្ភៈ នៅ២នាទីបន្ទាប់។

កម្ពុជា នឹងត្រូវត្រលប់ទៅប្រកួតជាមួយ ប៉ាគីស្ថាន នៅជើងទី២ វិញ នៅថ្ងៃទី១១ ខែដដែល ដើម្បីសម្រេចរកក្រុមដែលឈ្នះឡើងទៅជុំបន្ទាប់ ឬអាចហៅបានថា វគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification-AFC ) ដែលមានប្រទេសចំនួន៣៤ អង្គុយរង់ចាំ បូកក្រុមដែលឈ្នះវគ្គនេះ ៦ក្រុមទៀត៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់