ចាន់ វឌ្ឍនាកា៖ «សូមជ័យជំនះកើតមានចំពោះក្រុមជម្រើសជាតិកម្ពុជា»

មាស សុផាណារ៉ុង June 6, 2019


 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ដែលចំថ្ងៃប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification-AFC ) ជើងទី១ រវាង កម្ពុជា ជាមួយ ប៉ាគីស្ថាន ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដែលមានរឿងរង្គោះរង្គើរបានជូនពរជម្រើសជាតិកម្ពុជា ផងដែរស្របគ្នាទៅនឹងរៀមច្បង ស៊ូ យ៉ាទី ដែលបានជូនពរក្នុងថ្ងៃតែមួយ។

ក្រៅតែពីការជូនពរឲ្យទទួលជោគជ័យនៅថ្ងៃនេះ ក៏ដូចជាសម្រាប់ជើងទី២ ចាន់ វឌ្ឍនាកា ក៏បានសំណូមពរអ្នកគាំទ្រចូលរួមផ្ដល់កំលាំងចិត្តដល់ក្រុមជម្រើសជាតិ ផងដែរ។

ចាន់ វឌ្ឍនាកា បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនទាំងស្រុងថា៖ «សូមជ័យជំនះកើតមានចំពោះក្រុមជម្រើសជាតិកម្ពុជា របស់យើងទាំងក្នុងការប្រកួតថ្ងៃនេះក៏ដូចជាការប្រកួតជើងទី២ សូមចូលរួមផ្ដល់កំលាំងចិត្តដល់ក្រុមជម្រើសជាតិយើងទាំងអស់គ្នា”ទាំងអស់គ្នាដេីម្បីកម្ពុជា”។»

ជាមួយនឹងការបង្ហោះសារជូនពរបែបនេះ អ្នកគាំទ្របានសម្ដែងការគាំទ្រ និងលើកទឹកចិត្តដល់កីឡាកររហស្សនាម កុមារមាស របស់កម្ពុជា រូបនេះផងដែរ ត្បិតមួយរយៈចុងក្រោយហាក់ជួបរឿងពុំសូវល្អច្រើនក៏ដោយទាំងជាមួយក្លឹប ក៏ដូចជាជាមួយក្រុមជម្រើសជាតិកម្ពុជា។

គួរបញ្ជាក់ថា ល្ងាចនេះ គឺជាការប្រកួតជើងទី១ រវាងកម្ពុជា និងប៉ាគីស្ថាន មុនកម្ពុជា ត្រូវធ្វើដំណើរទៅតតាំងជាមួយក្រុមប្រជុំដោយកីឡាករកូនកាត់នេះក្រៅដី នាថ្ងៃទី១១ ខែមិថុនា ខាងមុខ នៅទីក្រុងដូហា ប្រទេសកាតា ដើម្បីប្រជែងកៅអីជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification-AFC )៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់