ឃឹម បូរី ប្រាប់ចំណុចខ្លាំង៣ របស់ក្រុមលីគទី២ថៃ BG Pathum ដែលគួរឲ្យរៀនសូត្រតាម

មាស សុផាណារ៉ុង June 6, 2019


 

ភ្នំពេញ៖ កីឡាករ ឃឹម បូរី បានសម្ដែងការរីករាយជាខ្លាំង ក្រោយថ្នាក់ដឹកនាំក្លឹបណាហ្គាវើល ផ្ដល់ឱកាសឲ្យដឹកនាំយុវជន ៣រូប ទៅហ្វឹកហាត់ និងរៀនសូត្រអំពីរបៀបដឹកនាំក្រុម ជាមួយក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ របស់ក្លឹប Bangkok Glass នៅទីក្រុងបាងកក ប្រទេសថៃ ហើយគេបានបង្ហើបនូវចំណុចខ្លាំងចំនួន៣ ដែលគួរឲ្យរៀនសូត្រតាមក្លឹបសមាជិកលីគទី២ របស់ថៃនេះ។

បូរី បានឲ្យដឹងពីប្រទេសថៃថា៖ «ចំពោះការហ្វឹកហាត់ ពួកយើងហាត់ជាមួយយុវជនអាយុក្រោម ១៨ឆ្នាំរបស់ក្លឹប BG Pathum United FC ( អតីតឈ្មោះ Bangkok Glass ) ហើយនេះគឺជាឱកាសដ៏ល្អសម្រាប់ខ្ញុំទៅថ្ងៃអនាគត ដើម្បីក្លាយជាគ្រូបង្វឹក ព្រោះការអភិវឌ្ឍន៍យុវជននៅទីនេះ ពិតជាមានការអភិវឌ្ឍន៍ខ្លាំងមែនទែន តាំងពីយុវជន U-13, U-16, U-18 រហូតដល់ក្រុមធំ ទាំងការដឹកនាំ ការស្នាក់នៅ ការហូបចុក គឺពួកគេរៀបចំបានល្អមែនទែន»។

អតីតកីឡាកររបស់ក្រសួងការពារជាតិ និងភ្នំពេញក្រោន ហើយធ្លាប់ប្រកបអាជីពនៅក្លឹប Sisaket FC ( ដែលកាលនោះលេងនៅលីគកំពូលថៃ ) រូបនេះ បន្ដថា៖ «ខ្ញុំឃើញចំណុចខ្លាំងមួយចំនួនរបស់ Bangkok Glass ទី១-វិន័យរបស់កីឡាករ ទាំងក្នុងទីលាន និងក្រៅទីលាន ពួកគេធ្វើបានល្អណាស់។ ទី២-បច្ចេកទេសរបស់កីឡាករម្នាក់ៗ ហើយមានការគោរពគ្នាទៅវិញទៅមកបានល្អមែនទែន និងទី៣-កាយសម្បទាពួកគេធំៗ ដែលជាអំណោយផលដ៏ល្អ សម្រាប់ការប្រកបអាជីពបាល់ទាត់របស់ពួកគេ»។

ក្នុងនាមជាកីឡាករមានបទពិសោធន៍ នឹងកំពុងកាន់សញ្ញាបត្រគ្រូបង្វឹកកម្រិត «C» ផងនោះ បូរី បានចាត់ទុកនេះគឺជាឱកាសដ៏ល្អ ដើម្បីរៀនសូត្រពីការអភិវឌ្ឍន៍ និងការដឹកនាំក្រុមឲ្យរីកចម្រើន ហើយនៅថ្ងៃអនាគត រូបគេក៏សង្ឃឹមថា នឹងមានក្រុមមួយ ដែលមានការរៀបចំ និងការហ្វឹកហាត់ដ៏ល្អផងដែរ។

គួរដឹងថា ឃឹម បូរី បានដឹកនាំយុវជន ៣រូបរបស់ក្លឹបណាហ្គាវើល រួមមានកីឡាករ តាំងម៉េង តិចឆាយ, យ៉ន គឹមឡេង និង ម៉ូត វិច្ឆិកា ទៅហ្វឹកហាត់ជាមួយក្លឹប Bangkok Glass កាលពីថ្ងៃទី០៣ ខែមិថុនាកន្លងទៅ ហើយពួកគេ គ្រោងត្រឡប់មកមាតុភូមិវិញ នាថ្ងៃទី១៦ ខែមិថុនាខាងមុខ លើកលែង បូរី ដែលគ្រោងត្រឡប់មកកម្ពុជាមុន នាថ្ងៃទី០៧ ខែមិថុនាស្អែកនេះ៕

 

រូបភាព៖ ផ្ដល់ឲ្យដោយ ឃឹម បូរី

អត្ថបទ៖ បុត្រា

មតិយោបល់