ស៊ូ យ៉ាទី ដាក់ ២ឃ្លានេះ ក្រើនរំលឹកអ្នកគាំទ្រ កុំភ្លេចការប្រកួតក្រុមគោព្រៃល្ងាចនេះ

មាស សុផាណារ៉ុង June 6, 2019


 

ភ្នំពេញ៖ «ជម្រើសជាតិយើង គឺជាក្ដីសង្ឃឹមរបស់យើងទាំងអស់គ្នា» គឺជាសារដ៏មានអត្ថន័យពីសំណាក់អ្នកចាំទីចាស់វស្សា ស៊ូ យ៉ាទី ចង់ផ្ដាំផ្ញើទៅកាន់អ្នកគាំទ្រកុំភ្លេចចូលរួមទស្សនាការប្រកួត រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិប៉ាគីស្ថាន នាវេលាម៉ោង ៦:៣០នាទីល្ងាចនេះ នៅពហុកីឡដ្ឋានជាតិ។

ទោះបីមិនត្រូវបានកោះហៅចូលជម្រើសជាតិដូចសព្វដងតែ ស៊ូ យ៉ាទី បានសម្ដែងការគាំទ្រពេញទំហឹង ចំពោះក្រុមជម្រើសជាតិរបស់ខ្លួនដែលត្រៀមប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification-AFC ) ជើងទី១ ជាមួយប៉ាគីស្ថានល្ងាចនេះ។

អ្នកចាំទីក្លឹបណាហ្គាវើលរូបនេះ បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនបន្ថែមថា៖ «ថ្ងៃនេះកុំភ្លេចណាបងប្អូន…សូមចូលរួមទស្សនាបាល់ទាត់ខ្មែរយើងអោយបានច្រើនកុះករ ខ្មែរស្រលាញ់ខ្មែរ។ ( ទោះបីមិនមានវត្តមានខ្ញុំក៏ដោយ តែខ្ញុំនៅតែគាំទ្រ )»។ នេះគឺជាសារគួរឲ្យកោតសរសើរ ចំពោះកីឡាករពោរពេញដោយបទពិសោធន៍រូបនេះ និងជំរុញអ្នកគាំទ្រ មិនគួររំលងការប្រកួតដ៏សំខាន់ល្ងាចនេះឡើយ។

គួរបញ្ជាក់ថា ល្ងាចនេះ គឺជាការប្រកួតជើងទី១ រវាងកម្ពុជា និងប៉ាគីស្ថាន មុនកម្ពុជា ត្រូវធ្វើដំណើរទៅតតាំងជាមួយក្រុមប្រជុំដោយកីឡាករកូនកាត់នេះក្រៅដី នាថ្ងៃទី១១ ខែមិថុនា ខាងមុខ នៅទីក្រុងដូហា ប្រទេសកាតា ដើម្បីប្រជែងកៅអីជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification-AFC )៕

 

អត្ថបទ៖ បុត្រា

មតិយោបល់