ចាន់ វឌ្ឍនាកា ឆ្លើយឆ្លងជាមួយ Honda និង Felix រឿងឆន្ទៈជាមួយក្រុមជម្រើសជាតិ?

មាស សុផាណារ៉ុង June 5, 2019


 

ភ្នំពេញ៖ បន្ទាប់ពីអ្នកចាត់ការទូទៅ លោក Keisuke Honda កាលពីម្សិលមិញបានបង្ហោះសារនៅលើបណ្ដាញសង្គម អំពីការប្រកាសរើសកីឡាករដែលមានឆន្ទះចង់លេងឲ្យក្រុមជម្រើសជាតិ និងក្រោយមកត្រូវបានលោក Felix Dalmas បង្ហើបអំពីកីឡាករដែលលោកបាននឹងកំពុងជ្រើសរើសក្នុងក្រុមជម្រើសជាតិ គឺសុទ្ធតែជាកីឡាករដែលមានឆន្ទះចង់ចូលរួមប្រកួតតំណាងជាតិ ពេលនេះប្រធានបទ «ឆន្ទៈ» កំពុងក្លាយជារឿងក្ដៅកគុកក្នុងបាល់ទាត់កម្ពុជា បន្ទាប់ពី ចាន់ វឌ្ឍនាកា ឆ្លើយតប។

រំលឹកទៅកាលពីម្សិលមិញ Keisuke Honda ​អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បាន​ប្រកាស​នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ត្រូវការរើស​កីឡាករ​មក​បង្ហាត់​មិន​យក​លុយ ​ហើយ​ថែម​ទាំង​ឱ្យ​លុយ​៥​ដុល្លារ​វិញ​ទៀត ប្រសិន​បើ​ចង់​មក​ហាត់​ជាមួយ​ខ្លួន ប៉ុន្តែ​មាន​លក្ខខណ្ឌ​មួយ​ គឺ​សុំ​ចំពោះ​អ្នក​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ចង់​លេង​ជាកីឡាករ​តំណាង​ប្រទេស​ដើម្បី​ចូល​រួម​ប្រកួត​បាល់ទាត់ពិភពលោក តែ​ប៉ុណ្ណោះ។

ភ្ជាប់ជាមួយគ្នានេះ នៅក្នុងសន្និសីតសារព័ត៌មានមុនការប្រកួតជាមួយ ជម្រើសជាតិប៉ាគីស្ថាន ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ( 2022 FIFA World Cup qualification – AFC ) លោក Felix Dalmas ក៏បានឆ្លើយតបផងដែរនូវសំណួររបស់អ្នកសារព័ត៌មាន ជុំវិញការមិនមានកីឡាករសំខាន់ៗមួយចំនួនក្នុងក្រុមជម្រើសជាតិ។

លោកបានបញ្ជាក់យ៉ាងច្បាស់ថា កីឡាកររដែល លោក និងក្រុមការងារ បានជ្រើសរើស គឺសុទ្ធតែជាកីឡាករដែលមានឆន្ទៈចង់ចូលរួមប្រកួតតំណាងជាតិ។

ប៉ុន្តែនៅមុននេះបន្តិច ខ្សែប្រយុទ្ធឆ្នើមដែលគ្រប់គ្នាតែងតែទន្ទេញក្នុងចិត្តជាបេះដូងនៃក្រុមជម្រើសជាតិ គឺកីឡាករ ចាន់ វឌ្ឍនាកា បានបង្ហើបពាក្យមួយឃ្លា ជុំវិញពាក្យ «ឆន្ទៈ» នៅលើបណ្ដាញបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនដូចគ្នា ដោយ​បាន​សរសេរថា៖ «សូម​ទោស​ដែល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​អ្នក​លេង​ដោយ​គ្មាន​ឆន្ទៈ​លេង​ទេ​ អ្នក​គឺ​លេង​ដោយ​ការ​សប្បាយ​របស់​អ្នក»។

ការណ៍នេះ ត្រូវបាននាំឲ្យមានការកត់សម្គាល់ថា គឺជាទំនាក់ទំនងដែលកំពុងប្រេះស្រាំ រវាង ចាន់ វឌ្ឍនាកា ជាមួយនឹងក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីឆ្លើយឆ្លងគ្នាជាហូរហែរ និងចំៗដោយមានតែការបង្ហើបបន្តិចបន្តួចតាមរយៈពាក្យដែលកំពុងចាប់អារម្មណ៍ «ឆន្ទៈ»។

តែយ៉ាងមិញនេះគ្រាន់តែជាការសន្និដ្ឋាន ត្បិតរឿងរ៉ាវស៊ីជម្រៅមិនត្រូវបង្ហើបឲ្យដឹងឡើយ ព្រោះនេះជាបញ្ហាផ្ទៃក្នុង៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់