គ្រូប៉ាគីស្ថាន មិនយកការប្រៀបធៀបកីឡាករខ្លួនមានកាយសម្បទាល្អជាង កម្ពុជា ជាគុណសម្បត្តិ សម្រាប់ជំនួបតទល់គ្នាឡើយ

មាស សុផាណារ៉ុង June 5, 2019


 

ភ្នំពេញ៖ គ្រូបង្វឹកនៃក្រុមជម្រើសជាតិប៉ាគីស្ថាន លោក José Antonio Nogueira បានបញ្ជាក់ពីការ មិនយកការប្រៀបធៀបកីឡាករខ្លួនដែលមានកាយសម្បទាល្អជាង កម្ពុជា ជាគុណសម្បត្តិ សម្រាប់ជំនួបតទល់គ្នា ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ( 2022 FIFA World Cup qualification – AFC ) នាថ្ងៃស្អែកនេះ សម្រាប់វគ្គជម្រុះជុំដំបូង ប្រចាំទ្វីបអាស៊ី។

ថ្លែងក្នុងសន្និសិទសារព័ត៌មានមុនការប្រកួតមកដល់ លោក José Antonio Nogueira បានលើកឡើងថា៖ «ទេ មិនកើតទេ! ខ្ញុំមិនបានគិតអំពីកាយសម្បទារបស់កីឡាករ កម្លាំងរបស់កីឡាករឡើយ អ្វីដែលសំខាន់នោះគឺ បច្ចេកទេស ពិតជាសំខាន់ ភាពវៃឆ្លាតនៅក្នុងការប្រកួត ពីរបៀបដែលពួកគេធ្វើ របៀបដែលពួកគេបង្ហាញក្នុងពេលប្រកួត ដូច្នេះក្រុមខ្ញុំមិនមានគុណសម្បត្តិទៅលើកាយសម្បទាអ្វីឡើយ ប៉ុន្តែពិតណាស់ យើងរៀបចំបានល្អ ហើយការលេងជាមួយកម្ពុជា កីឡាករកម្ពុជា ពិតជាមានភាពរហ័សរហួន មនាភាពឆ្លាតវៃ មិនមានគុណសម្បត្តិអ្វីទេ វាជារឿងធម្មតាសម្រាប់ក្រុមទាំងពីរ»

ការយល់ឃើញចំពោះការប្រកួត គ្រូបង្វឹកដែលមានសញ្ជាតិប្រេស៊ីល រូបនេះបានមានយោបល់ថា៖ «ខ្ញុំពិតជារីករាយដែលបានមកដល់ទីនេះ ហើយនឹងមានឱកាសប្រកួតជាមួយកម្ពុជា ដែលជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់យើង ជុំវិញការត្រៀមខ្លួនរបស់យើង យើងបានព្យាយាមគ្រប់យ៉ាងជាមួយនឹងរយៈពេលខ្លី យើងមិនមានពេលច្រើនឡើយ ប៉ុន្តែយើងបានមានការហ្វឹកហាត់ល្អខ្លះៗដែរ យើងរៀបចំក្រុមបានយ៉ាងល្អដើម្បីប្រកួតទល់នឹងកម្ពុជា ពួកគេជាក្រុមដ៏ល្អ និងជាក្រុមដែលគ្រោះថ្នាក់សម្រាប់យើង។»

សូមបញ្ជាក់ជាថ្មីផងដែរថា កម្ពុជា នឹងត្រូវជួប ប៉ាគីស្ថាន នៅជើងទី១ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៦ ខែមិថុនា ស្អែកនេះលើទឹកដីកម្ពុជា ខណៈជើងទី២ ត្រលប់ទៅទឹកដីប៉ាគីស្ថាន ( ទៅទឹកដីកណ្ដាលប្រទេសកាតា ) វិញនៅថ្ងៃទី១១ ខែដដែល ដើម្បីសម្រេចសេចក្ដីរកក្រុមដែលឡើងទៅជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification – AFC ) ប្រចាំទ្វីបអាស៊ី៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់