ស៊ិន កក្កដា មានបញ្ហាផ្ទាល់ខ្លួនទើបមិនត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកម្ពុជា ក្នុងបញ្ជីដំបូង

មាស សុផាណារ៉ុង June 5, 2019


 

ភ្នំពេញ៖ ទីបំផុតលោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់មូលហេតុ កីឡាករ ស៊ិន កក្កដា បានចូលរួមហ្វឹកហាត់ស្ងាត់ៗជាមួយក្រុមជម្រើសជាតិកម្ពុជា ទាំងគ្មានឈ្មោះក្នុងបញ្ជីកីឡាករ ២៥នាក់ដំបូង គឺដោយសារ «បញ្ហាផ្ទាល់ខ្លួន» របស់សមាជិកក្រុមវិសាខារូបនេះ ត្រូវបានដោះស្រាយរួចរាល់។

ការបញ្ជាក់របស់គ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតជើងទី១ រវាងក្រុមជម្រើសជាតិម្ពុជា និងក្រុមជម្រើសជាតិប៉ាគីស្ថាន ក្នុងវគ្គជម្រុះដំបូង នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification-AFC ) នៅសណ្ឋាគារភ្នំពេញ ថ្ងៃពុធនេះ។

លោក Felix Dalmas បាននិយាយថា៖ «ដោយសារមុនដំបូងឡើយ ស៊ិន កក្កដា គាត់មានបញ្ហាផ្ទាល់ខ្លួន ទើបមិនត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ តែជាការពិតគាត់ពិតជាចង់ចូលរួមជាមួយក្រុមជម្រើសជាតិណាស់។ ប៉ុន្ដែដោយសារបញ្ហាផ្ទាល់ ត្រូវបានដោះស្រាយរួចរាល់ យើងក៏បានកោះហៅចូលក្រុមជម្រើសជាតិភ្លាមៗ»។ នេះគឺជាចម្លើយឆ្លើយតបទៅនឹងចម្ងល់របស់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកគាំទ្រ បន្ទាប់ពីផ្ទុះការងឿងឆ្ងល់ ក្រោយកីឡាករ ស៊ិន កក្កដា បង្ហាញវត្តមានលើទីលានហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជា កាលពីល្ងាចមិញ ទាំងរូបគេ មិនត្រូវបានបង្ហាញក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា កាលពីយប់ថ្ងៃអាទិត្យកន្លងទៅឡើយ។

ប៉ុន្ដែទោះបីសមាជិកក្រុមគោព្រៃកម្ពុជាពេលនេះមានចំនួន ២៦រូបក៏ពិតមែន តែលោក Felix បានបញ្ជាក់ថា លោកនឹងចម្រាញ់កីឡាករត្រឹម ២៣នាក់ប៉ុណ្ណោះ សម្រាប់តតាំងជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន ក្នុងការប្រកួតជម្រុះដំបូង នៃព្រឹត្តិការណ៍ 2022 FIFA World Cup qualification-AFC ដែលត្រៀមប្រកួតជើងទី១ នាថ្ងៃទី០៦ ខែមិថុនា នៅពហុកីឡដ្ឋានជាតិ និងជើងទី២ នាថ្ងៃទី១១ ខែដដែល នៅប្រទេសកាតា៕

 

អត្ថបទ៖ បុត្រា

មតិយោបល់