លោក Felix មានទំនុកចិត្តលើកីឡាករ ក៏ដូចជាក្រុមការងារថ្មីរបស់ខ្លួន សម្រាប់ការត្រៀមប៉ះប៉ាគីស្ថានស្អែកនេះ

មាស សុផាណារ៉ុង June 5, 2019


 

ភ្នំពេញ៖ លោក Felix Dalmas គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា លើកឡើងអំពីទំនុកចិត្តលើកីឡាកររបស់ខ្លួន និងក្រុមការងារថ្មី នៅមុនការប្រកួតជាមួយ ក្រុមជម្រើសជាតិប៉ាគីស្ថាន នៅថ្ងៃស្អែកនេះ។

ថ្លែងក្នុងសន្និសិទសារព័ត៌មានមុនការប្រកួតមកដល់ លោក Felix Dalmas បានលើកឡើងថា៖ «យើងបានរៀបចំសម្រាប់ការប្រកួតនេះ ខ្ញុំមានទំនុកចិត្តជាមួយកីឡាករ ពិតណាស់យើងលេងជាមួយក្រុមដ៏ល្អ ដូច្នេះយើងរំពឹងថារួចរាល់សម្រាប់ការប្រជែង ដូចខ្ញុំបាននិយាយ ខ្ញុំមានទំនុកចិត្តលើកីឡាករ ក៏ដូចជាក្រុមការងាររបស់យើង យើងបានបន្ថែមក្រុមការងារថ្មីដ៏ល្អ ដែលពិតណាស់ យើងសង្ឃឹមយើងធ្វើបានល្អសម្រាប់ការប្រកួតនេះ។»

លោកបានថ្លែងចុងក្រោយនៅក្នុងសន្និសិទសារព័ត៌មានថា អរគុណដល់អ្នកគាំទ្រ ដែលតែងតែគាំទ្រកីឡាករជានិច្ច ហើយលោកនឹងព្យាយាមធ្វើឲ្យអស់ពីលទ្ធភាព រួមជាមួយកីឡាកររបស់លោកផងដែរ នូវអ្វីដែលពួកគេមាន ដើម្បីនាំមកនូវជ័យជម្នះជូនប្រជាជនកម្ពុជា ជាពិសេសអ្នកដែលស្រលាញ់បាល់ទាត់ ដូច្នេះលោកសំណូមពរឲ្យសុំបន្តជួយគាំទ្រក្រុមមួយនេះ។

សូមបញ្ជាក់ជាថ្មីផងដែរថា កម្ពុជា នឹងត្រូវជួប ប៉ាគីស្ថាន នៅជើងទី១ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៦ ខែមិថុនា ស្អែកនេះលើទឹកដីកម្ពុជា ខណៈជើងទី២ ត្រលប់ទៅទឹកដីប៉ាគីស្ថាន ( ទៅទឹកដីកណ្ដាលប្រទេសកាតា ) វិញនៅថ្ងៃទី១១ ខែដដែល ដើម្បីសម្រេចសេចក្ដីរកក្រុមដែលឡើងទៅជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification – AFC ) ប្រចាំទ្វីបអាស៊ី៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់