អ្នកចាត់ការក្រុមទ័ពថា ការប្រកាសចែកផ្លូវរបស់លោក ភា សុភ័ក្ដ្រា មិនទាន់ផ្លូវការឡើយ

នូ មករា June 5, 2019


ភ្នំពេញ៖ លោក ទេព ឡុងរចនា អ្នកចាត់ការទូទៅក្រុមក្រសួងការពារជាតិ(ទ័ព) បានអះអាងថា ក្លឹបមិនទាន់បញ្ឈប់ ឬបញ្ចប់កិច្ចសន្យាលោក ភា សុភ័ក្ដ្រា ឡើយ ទោះបីគ្រូបង្វឹកកម្រិត A-License រូបនេះ បានប្រកាសថា ខ្លួនបានសម្រេចចិត្តចែកផ្លូវជាមួយក្រុមកំពុងឈរលេខរៀងទី៦ នៃលីគកំពូលកម្ពុជា នេះក៏ដោយ ។

អ្នកចាត់ការទូទៅខាងលើ បាននិយាយថា៖ «នោះគឺជាការនិយាយរបស់គាត់(ភា សុភ័ក្ដ្រា) ប៉ុន្ដែក្លឹបអត់ទាន់សម្រេចថា ត្រូវឲ្យគាត់ឈប់ ឬឲ្យគាត់ចាកចេញទេ តែផ្ទាល់ខ្លួនគាត់ទេ ដែលចង់ចាកចេញ ។ ប៉ុន្ដែបណ្ដោះអាសន្ន ក្លឹបប្រគល់ឲ្យខ្ញុំជួយមើល តែជាផ្លូវការ អត់ទាន់មានទេ ។ ចឹងចាំមើលឲ្យគាត់រួចរាល់ការងារគាត់ យើងនឹងពិភាក្សាជាមួយគាត់ម្ដងទៀត តើគាត់សម្រេចចិត្តដូចម្ដេច?»

ទោះជាបែបនេះក្ដី លោក ទេព ឡុងរចនា បានសង្កត់ធ្ងន់ថា ក្លឹបនឹងមិនចាប់បង្ខំឲ្យលោក ភា សុភ័ក្ដ្រា បន្ដធ្វើការឡើយ ប្រសិនបើគ្រូបង្វឹកជួយឲ្យក្រសួងការពារជាតិ លើកពាន Hun Sen Cup កាលពីឆ្នាំ២០១៨ នេះ រក្សាជំហរមិនចង់ធ្វើការ ឬចង់ចាកចេញ ។ ប៉ុន្ដែក្នុងនាមក្រុមការងារជាមួយគ្នា ដាច់ខាតក្លឹបត្រូវមានកិច្ចប្រជុំពិភាក្សាផ្ទាល់ ដើម្បីសួរនាំឲ្យបានច្បាស់សិន ទើបមានការសម្រេចចិត្តជាក្រោយ ។

គួរបញ្ជាក់ថា ២ប្រកួតចុងក្រោយ ពោលគឺក្នុងសប្ដាហ៍ទី៩ និងសប្ដាហ៍ទី១០ នៃលីគកំពូលកម្ពុជា លោក ភា សុភ័ក្ដ្រា មិនបានដឹកនាំក្រុមដូចសព្វដងនោះទេ តែគេឃើញលោក ទេព ឡុងរចនា ជាអ្នកដឹកនាំជំនួស ខណៈលទ្ធផលឈ្នះ១ និងចាញ់១ គឺឈ្នះវិសាខា ១-០ និងចាញ់ភ្នំពេញក្រោន ៣-១ ។ បើតាមការបង្ហើបរបស់លោក ទេព ឡុងរចនា ករណីលោក ភា សុភ័ក្ដ្រា មិនព្រមមកដឹកនាំវិញ នោះតំណែងគ្រូបង្វឹក នឹងត្រឡប់ទៅរកលោកវិញជាក់ជាមិនខាន ៕

អត្ថបទ៖ បុត្រា

មតិយោបល់