Honda ប្រវត្តិជាមួយនឹងជម្រើសជាតិកម្ពុជា ក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក ២លើកចុងក្រោយ

មាស សុផាណារ៉ុង June 4, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ( 2022 FIFA World Cup qualification – AFC ) នាថ្ងៃស្អែកនេះ សម្រាប់វគ្គជម្រុះជុំដំបូង ប្រចាំទ្វីបអាស៊ី ដែលស្ថិតក្រោមការដឹកនាំ ដោយអ្នកចាត់ការទូទៅ លោក Keisuke Honda ដែលជាជនជាតិជប៉ុន។

យ៉ាងណានៅមុនការដឹកនាំ ជម្រើសជាតិកម្ពុជា ក្នុងការប្រកួតពានរង្វាន់ដដែលនេះ អ្នកចាត់ការទូទៅដែលធ្លាប់ជាសមាជិកនៃក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនរូបនេះ បានបន្សល់ទុកនូវរឿងរ៉ាវដ៏កម្រជួបប្រទះមួយ ជាមួយកម្ពុជា។

ការប្រកួតបាល់ទាត់ពិភពលោក ( FIFA World Cup ) ដែលជាទូទៅធ្វើឡើងនៅរៀងរាល់ ៤ឆ្នាំម្ដង និងសូម្បីតែវគ្គជម្រុះក៏ធ្វើឡើងនៅ ៤ឆ្នាំម្ដងដូចគ្នាផងដែរនោះ ទាំងកម្ពុជា និងជប៉ុន សុទ្ធតែត្រូវឆ្លងកាត់ការប្រកួតជម្រុះដូចៗគ្នា គ្រាន់តែខុសគ្នាទៅតាមកម្រិតនៃវគ្គជម្រុះប៉ុណ្ណោះ ( អាស្រ័យលើចំណាត់ថ្នាក់របស់ជម្រើសជាតិរៀងៗខ្លួន ) ប្រចាំទ្វីបអាស៊ី។

ក្រឡេកទៅឆ្នាំ២០១៥ ដែលជាឆ្នាំត្រូវប្រកួតជម្រុះបាល់ទាត់ពិភពលោក បានប្រព្រឹត្តិទៅនៅប្រទេសរុស្សី កាលពីឆ្នាំ២០១៨ កម្ពុជា និងជប៉ុន ក៏បានចូលរួមប្រកួតជម្រុះដូចគ្នា ដោយកាលនោះ កម្ពុជា ដែលជាក្រុមស្ថិតនៅចំណាត់ថ្នាក់ប្រចាំទ្វីបទាប ត្រូវចាប់ផ្ដើមប្រកួតតាំងពីវគ្គជម្រុះជុំដំបូង ស្របពេលដែលជប៉ុន អង្គុយរង់ចាំនៅវគ្គជម្រុះជុំទី២។ កម្ពុជា ធ្វើបានល្អនៅវគ្គជម្រុះជុំទី១ តាមរយៈការយកឈ្នះ កោះម៉ាកាវ ដោយលទ្ធសរុប ២ជើង ៤ទល់១ បានឱកាសឡើងមកវគ្គជម្រុះជុំទី២ ហើយត្រូវចាប់ពូលស្ថិតនៅជាមួយ ស៊ីរី, អាហ្វហ្គានីស្ថាន, សិង្ហបុរី និងជាប៉ុន ផ្ទាល់តែម្ដង ដោយគ្រានោះ Honda នៅជាសមាជិកនៃក្រុមសាម៉ូរៃជប៉ុន នៅឡើយ។

ក្នុងនាមជាកីឡាករនៅឡើយ Keisuke Honda បានប្រកួតតតាំងជាមួយកម្ពុជា ចំនួន ២ដង ទាំងក្នុងដី ( ប្រទេសជប៉ុន ) និងក្រៅដី ( ប្រទេសកម្ពុជា ) ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ ក្នុងឆ្នាំ២០១៥។ អ្វីដែលជាការចាប់អារម្មណ៍ បច្ចុប្បន្នអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា រូបនេះអាចរកគ្រាប់បាល់បាន ២គ្រាប់ផងដែរ ពោលគឺ គ្រាប់បាល់ដំបូងស្ថិតក្នុងការប្រកួតជើងទី១ នៅប្រទេសជប៉ុន Honda រកបាន១គ្រាប់ ( ក្នុងជ័យជម្នះ ៣ទល់០ )។

ត្រលប់មកជើងទី២ នៅកម្ពុជាវិញរូបលោកក៏រកបាន ១គ្រាប់ទៀត ( ក្នុងជ័យជម្នះ ០ទល់២ ) និងបាននាំក្រុមជាបន្តបន្ទាប់ឡើងទៅដល់ជុំផ្ដាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ ( 2018 FIFA World Cup Russia ) ហើយថែមទាំងឈានឡើងទៅដល់វគ្គ ១៦ក្រុមចុងក្រោយផងដែរ។

ក្រោយប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិជប៉ុន Honda ទទួលបានតំណែងជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា តាំងពីខែសីហា ឆ្នាំកន្លងទៅ ឆ្នាំ២០១៩ នេះវិញ ដែលជាឆ្នាំត្រូវប្រកួតជម្រុះបាល់ទាត់ពិភពលោកដូចគ្នា សម្រាប់កៅអីឆ្នាំ២០២២ ធ្វើនៅប្រទេសកាតានោះ កម្ពុជា កំពុងស្ថិតនៅលើផ្លូវដំបូងដដែល ហើយលើកនេះ កីឡាករដែលធ្លាប់តែទាត់បញ្ចូលទីកម្ពុជា ២គ្រាប់នៅវគ្គជម្រុះ ត្រូវមកកាន់តួនាទីជាអ្នកកចាត់ការទូទៅជម្រើសជាតិកម្ពុជា វិញបើទោះជាពេលនេះស្ថិតនៅជុំដំបូង ខុសគ្នាពីកាលគ្រាដែលលោកទាត់ចូលកម្ពុជា នៅជុំទី២ ក៏ដោយប៉ុន្តែស្ថិតនៅក្នុងវគ្គជម្រុះដូចគ្នា។

លោកត្រូវមានភារកិច្ចចូលរួមចំណែកជាមួយ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន លោក Félix Agustín González Dalmás និងគ្រូជំនួយជាច្រើនរូបទៀត ដើម្បីធ្វើយ៉ាងណាអាចនាំកម្ពុជា ឡើងទៅប្រកួតវគ្គជម្រុះជុំទី២ ដោយចាប់ផ្ដើមដំបូងត្រូវយកឈ្នះ ជម្រើសជាតិប៉ាគីស្ថាន ដែលនឹងត្រូវតតាំងជើងទី១ នៅថ្ងៃទី០៦ ខែមិថុនា ស្អែកនេះលើទឹកដីកម្ពុជា ខណៈជើងទី២ ត្រលប់មកទឹកដីប៉ាគីស្ថាន ( ទៅទឹកដីកណ្ដាលប្រទេសកាតា ) វិញនៅថ្ងៃទី១១ ខែដដែល ដើម្បីសម្រេចសេចក្ដីរកក្រុមដែលឡើងទៅជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification – AFC ) ប្រចាំទ្វីបអាស៊ី៕

 

រូបភាព៖ zimbio.com

អត្ថបទ៖ ណារ៉ុង

មតិយោបល់