សុិន កក្កដា​ បង្ហាញខ្លួនក្នុងពេលហ្វឹកហាត់ជាមួយក្រុមគោព្រៃ​ទាំងមិនមានឈ្មោះក្នុងបញ្ជីកោះហៅ!

នូ មករា June 4, 2019


ភ្នំពេញ៖ នាល្ងាចថ្ងៃទី៤​ ខែមិថុនា ​ឆ្នាំ២០១៩នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនអំពីសកម្មភាពហ្វឹកហាត់របស់ក្រុមកីឡាករជម្រើសជាតិនៅពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងបេសកកម្មប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតជម្រុះជុំដំបូងនៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ធ្វើឡើងនៅប្រទេសកាតា ( 2022 FIFA World Cup qualification – AFC ) រវាងកម្ពុជា ជាមួយ ប៉ាគីស្ថាន។ ​យ៉ាងណាក៏ដោយ​ មានរឿងភ្ញាក់ផ្អើលបានកើតឡើងដោយគេសង្កេតឃើញវត្តមានកីឡាករវ័យក្មេងរបស់ក្លឹបវិសាខា​គឺ សុិន កក្កដា ក៏បានចូលរួមហ្វឹកហាត់ជាមួយរៀមច្បងក៏ដូចជាមិត្តរួមក្រុមដទៃទៀតដែរ ខណ:ដែលរូបគេមិនមានឈ្មោះនៅក្នុង​បញ្ជីឈ្មោះកីឡាករចំនួន ២៥នាក់ដែលត្រូវបានកោះហៅក្នុងដំណាក់កាលប្រមូលផ្តុំនេះឡើយ។


ប្រការនេះបានក្លាយជារឿងគួរឲ្យចាប់អារម្មណ៍សម្រាប់អ្នកគាំទ្រវិស័យបាល់ទាត់កម្ពុជា​​នឹងកំពុងរង់ចាំថាតើនឹងមានការបកស្រាយបែបណាពីសំណាក់គ្រូបង្វឹកក្រុមគោព្រៃកម្ពុជាចំពោះវត្តមានរបស់ខ្សែបម្រើប្រយុទ្ធរូបនេះ។ គួររំលឹកថា នៅក្នុងញ្ជីឈ្មោះកីឡាករទាំង ២៥នាក់មិនមានឈ្មោះកីឡាករ ចាន់ វឌ្ឍនាកា ដែលបច្ចុប្បន្នគ្មានក្លឹបប្រកបអាជីពឡើយ ស្របពេលដែលកីឡាករថ្មី ២រូបទៀតត្រូវបានកោះហៅចូលក្រុមជាលើកដំបូង រួមមានកីឡាករ ដាវ នឹម ( របស់ គីរីវង់សុខសែនជ័យ ) និងកីឡាករ ម៉ៅ ពិសិដ្ឋ ( របស់ ភ្នំពេញក្រោន )។​ ចំពោះកីឡាករទាំង ២៥នាក់នេះ មកពីយុវជននៃក្លឹបបាល់ទាត់នៅលីគកំពូលកម្ពុជា ដូចជាក្រសួងការពារជាតិ , ព្រះខ័នរាជស្វាយរៀង , ភ្នំពេញក្រោន , បឹងកេតអែហ្វស៊ី , ណាហ្គាវើលដ៍ , វិសាខា , អង្គរថាយហ្គឺរ, គីរីវង់សុខសែនជ័យ និងយុវជនពីសាលាបាល់ទាត់ជាបាទី រួមទាំងពីក្លឹប Terreganu របស់លីគកំពូលម៉ាឡេស៊ី ផងដែរ៕


អត្ថបទ: មករា
រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

មតិយោបល់