សមាជិកប៉ាគីស្ថាន ម្នាក់មិនអាចមកជួយក្រុមបាន ដោយសារបញ្ហាលិខិតឆ្លងដែន

មាស សុផាណារ៉ុង June 4, 2019


 

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិប៉ាគីស្ថាន ដែលត្រូវតតាំងជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតជម្រុះជុំដំបូងនៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ( 2022 FIFA World Cup qualification – AFC ) បានមកដល់កម្ពុជា ហើយកាលពីយប់មិញ ខណៈមានកីឡាករ តែ១៧នាក់ប៉ុណ្ណោះ ដែលរួមដំណើរមកដល់ជាមួយ។

ដើមឡើយដែលសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន បានត្រៀមកីឡាករឡើងមកប្រកួតជាមួយ កម្ពុជា គឺមានកីឡាករតែ២០នាក់ប៉ុណ្ណោះ ដោយក្នុងនោះ ១៨នាក់មកមុន និង២នាក់ មកតាមក្រោយ ដោយសារជាប់ភារៈកិច្ចជាមួយក្រុមរបស់គេ ដែលត្រូវប្រកួតឲ្យក្លឹបរៀងៗខ្លួន ដើម្បីដណ្ដើមកៅអីឡើងមកលីគកំពូលដាណាម៉ាក ក្នុងវគ្គ Play-Off ប៉ុន្តែកីឡាករម្នាក់ក្នុងចំណោម១៨នាក់ មិនអាចរួមដំណើរជាមួយក្រុមមកប្រកួតជាមួយកម្ពុជា បានឡើយដោយសារបញ្ហាលិខិតឆ្លងដែន។

កីឡាករ ដែលពុំអាចឡើងមកជួយក្រុមប៉ាគីស្ថាន បានគឺកីឡាករកូនកាត់កាណាដា Shabban Hussein ដែលលេងក្នុងតួនាទីជាខ្សែបម្រើស្លាប ( កីឡាកររូបនេះបច្ចុប្បន្នលេងឲ្យក្លឹប Vanløse IF លីគទី២ ដាណាម៉ាក ) ដោយសេចក្ដីរាយការណ៍បានបញ្ជាក់ថា រូបគេបានស្នើសុំធ្វើលិខិតឆ្លងដែនប៉ាគីស្ថានផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់ទទួលបាន។

ដូច្នេះ ការមកដល់របស់ក្រុមជម្រើសជាតិប៉ាគីស្ថាន កាលពីយប់មិញគឺមានកីឡាករតែ ១៧នាក់ប៉ុណ្ណោះ និង ២នាក់ ផ្សេងទៀតមកតាមក្រោយ ហើយសរុបជារួមសម្រាប់ការត្រៀមប្រកួតជាមួយកម្ពុជា គឺមានកីឡាករតែ ១៩នាក់ប៉ុណ្ណោះ ដែលបានសេចក្ដីថានឹងមានតែ ៨នាក់អង្គុយកៅអីបម្រុង។

សូមបញ្ជាក់ជាថ្មីផងដែរថា កម្ពុជា នឹងត្រូវជួប ប៉ាគីស្ថាន នៅជើងទី១ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៦ ខែមិថុនា លើទឹកដីកម្ពុជា ខណៈជើងទី២ ត្រលប់មកទឹកដីប៉ាគីស្ថាន វិញនៅថ្ងៃទី១១ ខែដដែល ដើម្បីសម្រេចសេចក្ដីរកក្រុមដែលឡើងទៅជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification – AFC ) ប្រចាំទ្វីបអាស៊ី៕

 

រូបភាព៖ Pakistan Football Federation

អត្ថបទ៖ ណារ៉ុង

មតិយោបល់