លោក ហៅ សុជាតិ៖ «បឹងកេត នៅតែស្វាគមន៍ ចាន់ វឌ្ឍនាកា មកចូលរួមជាថ្មី»

មាស សុផាណារ៉ុង June 4, 2019


 

ភ្នំពេញ៖ លោក ហៅ សុជាតិ គ្រូបង្វឹកនៃក្លឹបបាល់ទាត់បឹងកេត បានសម្ដែងការស្វាគមន៍ជានិច្ច ប្រសិនបើ ចាន់ វឌ្ឍនាកា ត្រលប់មកចូលរួមជាមួយក្លឹបបឹងកេត វិញ ថ្លែងបែបនេះគឺនៅបន្ទាប់ពី កីឡាករដែលធ្លាប់ត្រូវបានគេហៅថា កុមារមាសកម្ពុជា រូបនេះត្រូវបានក្លឹប PKNS FC របស់លីគកំពូលម៉ាឡេស៊ី ទើបតែប្រកាសបញ្ចប់កិច្ចសន្យាកាលពីពេលថ្មីៗនេះ។

មានប្រសាសន៍នៅក្រោយដឹកនាំ បឹងកេត យកឈ្នះ ណាហ្គាវើលដ៍ កាលពីចុងសប្ដាហ៍ ក្នុងជំនួបសប្ដាហ៍ទី១០ នៃលីគកំពូលកម្ពុជា លោកបានបង្ហើបពីចំណុចខ្វះខាតរបស់ក្រុមនាពេលបច្ចុប្បន្នស្ទើរគ្រប់តំបន់ ដែលក្នុងនោះរួមមានតំបន់ប្រយុទ្ធផងដែរ ដែលជាចំណុចគួរបន្ថែមនៅជើងទី២។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «មកដល់ពេលនេះ យើងកំពុងតែពិនិត្យមើលផងដែរ ព្រោះយើងល្អមែន តែយើងនៅខ្វះតំបន់ច្រើនណាស់ ជាពិសេសគឺតំបន់បម្រើគឺយើងខ្វះ អច្ចឹងមកដល់ពេលនេះយើងប្រហែលជាអាចរកកីឡាករបន្ថែមទៀត។»

ភ្ជាប់ជាមួយនឹងកង្វះខាត លោកក៏បានឆ្លើយតបផងដែរជុំវិញ សំណួរដែលចោទសួរថាតើអាចនឹងនាំចូល ចាន់ វឌ្ឍនាកា ត្រលប់មកវិញដែរឬទេ ខណៈដែរបច្ចុប្បន្នរូបគេពុំមានក្លឹបប្រកបអាជីពជាមួយ? លោក ហៅ សុជាតិ បង្ហើបថា៖ «ចំពោះ វឌ្ឍនាកា ខ្ញុំអត់ដឹងយ៉ាងម៉េចទេ ហើយចំពោះក្លឹបនៅតែស្វាគមន៍គាត់ជានិច្ច បើគាត់មានចំណាប់អារម្មណ៍ ឬក៏គាត់ចង់មកជួយក្រុមសារជាថ្មី។»

គួរដឹងដែរថា ចាន់ វឌ្ឍនាកា បច្ចុប្បន្នក៏កំពុងមានវត្តមាននៅកម្ពុជា ផងដែរបន្ទាប់ពីទំនេរគ្មានក្លឹបប្រកបអាជីពជាមួយ ស្របពេលដែលក៏គ្មានដំណឹងអំពីការផ្លាស់ទៅចូលរួមជាមួយក្លឹបណាផ្សេងដូចគ្នាទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក ខណៈកាលពីរដូវកាលមុន វឌ្ឍនាកា ក៏បានត្រលប់មកចូលរួមជាមួយបឹងកេត វិញផងដែរ នៅជើងទី២ នៃលីគកំពូលកម្ពុជា បន្ទាប់ពីចាកចេញពី Pahang FA។

គួរបញ្ជាក់ថា ចាន់ វឌ្ឍនាកា បានបរាជ័យពាក់កណ្ដាលផ្លូវ ក្នុងការប្រកបអាជីពនៅលីគកំពូលម៉ាឡេស៊ី ២លើករួចមកហើយ ព្រោះកាលពីរដូវកាលមុន កីឡាកររហស្សនាម CV11 រូបនេះ ក៏ត្រូវបានក្លឹប Pahang FA បញ្ចប់កិច្ចសន្យាពាក់កណ្ដាលទី បន្ទាប់ពីលេងបានត្រឹមជើងទី១ នៃលីគកំពូលម៉ាឡេស៊ី មុននឹងក្លឹប PKNS FC បញ្ចប់កិច្ចសន្យាពាក់កណ្ដាលរដូវកាលដដែលដូចគ្នា ជាមួយនឹងបច្ចុប្បន្នពុំមានឈ្មោះជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប្រកួតក្នុងវគ្គជម្រុះជុំដំបូងនៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ( 2022 FIFA World Cup qualification – AFC ) ថែមទៀតផង៕

 

រូបភាព៖ បឹងកេត – Boeung Ket Football Club / PKNS FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់