លោក មាស ចាន់ណា៖ «ថ្ងៃនេះយើងចាញ់ ព្រោះយើងស៊យ»

មាស សុផាណារ៉ុង June 3, 2019


 

ភ្នំពេញ៖ លោក មាស ចាន់ណា គ្រូបង្វឹកនៃក្លឹបបាល់ទាត់ណាហ្គាវើលដ៍ លើកឡើងក្រោយជំនួបសប្ដាហ៍ទី១០ នៃលីគកំពូលកម្ពុជា កាលពីម្សិលមិញទល់នឹង បឹងកេត ដែលរងបរាជ័យ ០ទល់២ ថា «ថ្ងៃនេះយើងចាញ់ ព្រោះយើងស៊យ»

នៅក្នុងការប្រកួត បឹងកេត បានបើកការនាំមុខនៅវគ្គទី២ ដោយកីឡាករ Mizuno Hikaru នៅនាទី១៣ និង Ángel Carrascosa នានាទី៣៥ ស្របពេលដែលណាហ្គាវើលដ៍ មានតែឱកាសទាត់សំដៅទី តែមិនបានសម្រេចបន្ទាប់ពីមានការរារាំងសំណាញ់ទី អេឡិច យូ ជាច្រើនលើកច្រើនសារ។

ថ្លែងក្រោយចប់ការប្រកួតជាមួយនឹងលទ្ធផលជាទីគាប់ប្រសើរនេះ លោក មាស ចាន់ណា បានបញ្ជាក់ថា៖ «ខ្ញុំចង់និយាយថា ថ្ងៃនេះយើងចាញ់ យើងស៊យ។ បាល់ទាត់កាលណាគេទាត់ចូលមួយគ្រាប់ការប្រកួតគឺផ្លាស់ប្ដូរ បើយើងកុំមានប៉ះបង្គោលទី ២,៣ ដង យើងប្រហែលជាអាចឈ្នះវិញ ឬក៏យើងនាំមុខមុនយើងអាចឈ្នះងាយស្រួល ប៉ុន្តែបាល់ទាត់គឺអញ្ចឹង គឺវាស៊យ ពិភពលោកត្រូវតែមាន ហើយខ្ញុំត្រៀមខ្លួន ត្រៀមអារម្មណ៍ផងដែរ ត្រៀមអារម្មណ៍ជួបប្រទះថាយើងល្អហើយ តែស៊យ»។

លោកបានបន្តទៀតថា ការប្រកួតបរាជ័យនេះគឺបណ្ដាលមកពីបញ្ហានៅតំបន់កណ្ដាល ( បម្រើការពារ ) ដោយកីឡាករហាក់បាត់ការប្រមូលអារម្មណ៍ យកចិត្តទុកដាក់អត់បានខ្លាំង មានការធ្វេសប្រហែស។

សូមបញ្ជាក់ថា ណាហ្គាវើលដ៍ ចាញ់ បឹងកេត ធ្វើឲ្យក្រុមនេះ ធ្លាក់ឈរនៅលេខ២ វិញ ក្រោយព្រះខ័នរាជស្វាយរៀង យកឈ្នះ វិសាខា នៅថ្ងៃជាមួយគ្នា៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់