លោក ភា សុភ័ក្ត្រា ទទួលតំណែងជាគ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា

មាស សុផាណារ៉ុង June 3, 2019


 

ភ្នំពេញ៖ លោក ភា សុភ័ក្ត្រា អតីតគ្រូបង្វឹកនៃក្លឹបបាល់ទាត់ក្រសួងការពារជាតិ ដែលទើបតែចាកចចេញពីក្លឹបមួយនេះ កាលពីពេលថ្មីៗ បានទទួលតំណែងគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីប្រកួតជម្រុះជុំដំបូងនៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ធ្វើឡើងនៅប្រទេសកាតា ( 2022 FIFA World Cup qualification – AFC )។

យោងតាមលិខិតបានបង្ហាញថា លោកមានតួនាទីក្នុងនាមជាគ្រូជំនួយរបស់ លោក Félix Agustín González Dalmás រួមជាមួយគ្រូបង្វឹកមួយរូបទៀតគឺ លោក សាប៊ូន វិនតា ដែលមកពីសាលាបាល់ទាត់ជាតិបាទី ជំនួសឲ្យ លោក អ៊ុង កនយ៉ានិត។

នេះគឺជាជំហានថ្មីមួយទៀត ខណៈគ្រូដែលជួយឲ្យ Cambodia All Star ឈ្នះ Muangthong United ក្នុងការប្រកួតមិត្តភាពកាលពីខែកុម្ភៈ កន្លងទៅទទួលបានការងារជាគ្រូជំនួយក្រុមជម្រើសជាតិឈុតធំជាលើកទី២ ខណៈលោកធ្លាប់ធ្វើជាគ្រូជំនួយក្រុមជម្រើសជាតិឈុតធំម្ដងផងដែរ កាលពីឆ្នាំ២០០៨។

​គួរដឹងដែរថា លោក​ ភា សុភ័ក្ត្រា​ បាន​​​បញ្ចប់​វគ្គ​សិក្សា​គ្រូ​បង្វឹក​​បាល់​ទាត់​កម្រិត​​ A- License កាលឆ្នាំ​២០១៣ ខណៈអាជីពជាគ្រូបង្វឹករបស់លោកបានចាប់ផ្ដើមតាំងពីឆ្នាំ២០០៦ ក្រោយបាន​​​បញ្ចប់​វគ្គ​សិក្សា​គ្រូ​បង្វឹក​​បាល់​ទាត់​កម្រិត​ C ( AFC “C” license ) ​នៅ​ទី​ក្រុង​ភ្នំពេញ នៅឆ្នាំ២០០៥។

លោកនឹងរួមចំណែកជួយដឹកនាំ កម្ពុជា ប្រកួតទល់នឹង ប៉ាគីស្ថាន នៅជើងទី១ នៅថ្ងៃទី០៦ ខែមិថុនា លើទឹកដីកម្ពុជា ខណៈជើងទី២ ត្រលប់មកទឹកដីប៉ាគីស្ថាន វិញនៅថ្ងៃទី១១ ខែដដែល ដើម្បីសម្រេចសេចក្ដីរកក្រុមដែលឡើងទៅជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification – AFC ) ប្រចាំទ្វីបអាស៊ី៕

 

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់