វឌ្ឍនាកា អត់មានឈ្មោះក្នុងបញ្ជីកោះហៅចូលជម្រើសជាតិ ស្របពេលកីឡាករថ្មី ២រូបត្រូវបានកោះហៅចូលឈុតធំ

មាស សុផាណារ៉ុង June 2, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ចីឈ្មោះកីឡាករចំនួន ២៥នាក់ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ ការប្រកួតជម្រុះជុំដំបូងនៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ធ្វើឡើងនៅប្រទេសកាតា ( 2022 FIFA World Cup qualification – AFC ) ខែក្រោយ រវាងកម្ពុជា ជាមួយ ប៉ាគីស្ថាន។

អ្វីដែលគួរឲ្យចាប់អារម្មណ៍កីឡាករ ចាន់ វឌ្ឍនាកា ដែលបច្ចុប្បន្នគ្មានក្លឹបប្រកបអាជីពជាមួយពុំត្រូវបានកោះហៅឡើយ ខណៈកីឡាករថ្មី ២រូប ត្រូវបានកោះហៅចូលក្រុមជាលើកដំបូង រួមមានកីឡាករ ដាវ នឹម ( របស់ គីរីវង់សុខសែនជ័យ ) និងកីឡាករ ម៉ៅ ពិសិដ្ឋ ( របស់ ភ្នំពេញក្រោន )។

កីឡាករទាំង ២៥នាក់នេះ មកពីយុវជននៃក្លឹបបាល់ទាត់នៅលីគកំពូលកម្ពុជា ដូចជាក្រសួងការពារជាតិ , ព្រះខ័នរាជស្វាយរៀង , ភ្នំពេញក្រោន , បឹងកេតអែហ្វស៊ី , ណាហ្គាវើលដ៍ , វិសាខា , អង្គរថាយហ្គឺរ, គីរីវង់សុខសែនជ័យ និងយុវជនពីសាលាបាល់ទាត់ជាបាទី រួមទាំងពីក្លឹប Terreganu របស់លីគកំពូលម៉ាឡេស៊ី ផងដែរ។

ការកោះហៅនេះផងដែរ គឺជាការកោះហៅប្រមូលផ្ដុំហ្វឹកហាត់ដើម្បីត្រៀមពានរង្វាន់ដដែលនេះ ហើយគ្រោងនឹងធ្វើការជម្រុះបន្តទៀតមកនៅសល់ត្រឹមតែ ២៣នាក់ចុងក្រោយ។

បញ្ជីឈ្មោះថ្នាក់ដឹកនាំ និងកីឡាករ ទាំង២៥រូប៖

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតជើងទី១ ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន នាថ្ងៃទី០៦ ខែមិថុនាសប្ដាហ៍ក្រោយ ខណៈជើងទី២ នឹងត្រូវប្ដូរទឹកដី ( ទឹកដីកណ្ដាលនៅប្រទេសកាតា ) វិញម្ដង នាថ្ងៃទី១១ ខែមិថុនា ដដែល ដើម្បីកាត់សេចក្ដីរកក្រុមឡើងទៅប្រកួតជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification – AFC ) ប្រចាំទ្វីបអាស៊ី៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ណារ៉ុង

មតិយោបល់