ស្ថានីយទូរទស្សន៍ BTV News ឈ្នះការដេញថ្លៃទទួលសិទ្ធិផ្សាយផ្ទាល់ក្រុមគោព្រៃកម្ពុជា រយៈពេល៣ឆ្នាំ

មាស សុផាណារ៉ុង May 31, 2019


 

ភ្នំពេញ៖ ទូរទស្សន៍ឈានមុខក្នុងស្រុកក្នុងការផ្សាយផ្ទាល់កីឡា ( BTV-News ) បានទទួលសិទ្ធក្នុងការផ្សាយផ្ទាល់ (Live) រាល់ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា (ក្រុមធំ) រយៈពេល ៣ឆ្នាំ នេះបើតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក)។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាល្ងាចថ្ងៃសុក្រនេះថា «ទូរទស្សន៍ BTV បានឈ្នះក្នុងការដេញថ្លៃទទួលសិទ្ធិ និងតម្លើងបច្ចេកទេសសម្រាប់ការផ្សាយផ្ទាល់ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា (ឈុតធំ) រយៈពេល៣ឆ្នាំ ពីឆ្នាំ២០១៩រហូតដល់ឆ្នាំ២០២១»។

ទន្ទឹមជាមួយការប្រកាសព័ត៌មាននេះដែរ BTV នឹងចាប់ផ្ដើមផ្សាយផ្ទាល់ការប្រកួតដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជា ស្របពេលដែលក្រុមនេះត្រូវត្រៀមបើកទ្វារផ្ទះទទួលស្វាគមន៍ ក្រុមជម្រើសជាតិប៉ាគីស្ថាន ក្នុងវគ្គជម្រុះជុំដំបូង នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC) ជើងទី១ នាថ្ងៃទី០៦ ខែមិថុនា សប្ដាហ៍ក្រោយ លើទីលានពហុកីឡដ្ឋានជាតិ មុនប្រកួតជើងទី២ ក្រៅដី នាថ្ងៃទី១១ ខែដដែល៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ បុត្រា

មតិយោបល់