លទ្ធផលផ្គូរផ្គង វគ្គ១៦ក្រុមចុងក្រោយ ថ្នាក់ជាតិ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្រុមខ្លាំៗគេចផុតពីការប៉ះគ្នា

មាស សុផាណារ៉ុង May 31, 2019


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩ វគ្គជម្រុះថ្នាក់ខេត្ត ដែលបានចាប់ផ្ដើមពីថ្ងៃ២៦ ខែកុម្ភៈ ជាមួយនឹងក្រុមចំនួន ២៣ចូលរួម នឹងដែលបានរកឃើញក្រុមឡើងទៅជុំផ្ដាច់ព្រ័ត្រនោះ បានឈានដល់ការប្រកួតវគ្គថ្នាក់ជាតិ ហើយដោយទើបតែបញ្ចប់ការចាប់ឆ្នោតផ្គូរផ្គង់មុននេះបន្តិច។

មុននឹងការចាប់ឆ្នោត គឺជាការប្រកាសមាសភាពក្រុមដែលនឹងត្រូវប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៩ វគ្គ១៦ក្រុមចុងក្រោយ ថ្នាក់ជាតិ រួមមាន១៦ក្រុម ដូចជា ក្រសួងការពារជាតិ, អគ្គស្នងការដ្ឋាននគរបាលជាតិ, ណាហ្គាវើលដ៍, អង្គរថាយហ្គឺរ, ព្រះខ័នរាជស្វាយរៀង, បឹងកេត, ភ្នំពេញក្រោន, វិសាខា, គីរីវង់សុខសែនជ័យ, អាស៊ីអឺរ៉ុបយូណាយធីត, សូលទីឡូអង្គរ, អគ្គិសនីកម្ពុជា, ខេត្តកំពង់ចាម ដែលសុទ្ធសឹងតែជាសមាជិកនៃលីគកំពូលកម្ពុជា ( លើកលែងតែ យុវជនអាយុក្រោម១៨ឆ្នាំ នៃសាលាបាល់ទាត់ជាតិបាទី ប្រកាសដកខ្លួន ) និងក្រុមដែលឡើងពីវគ្គថ្នាក់ខេត្ត ត្បូងឃ្មុំ, សៀមរាប និងរតនៈគីរី។

សម្រាប់ការចាប់ឆ្នោតផ្គូរផ្គង់វគ្គ ១៦ក្រុមចុងក្រោយ រួមមាន៖

  • អគ្គិសនីកម្ពុជា ប្រកួតជាមួយ អង្គរថាយហ្គឺរ
  • អគ្គស្នងការដ្ឋាននគបាលជាតិ ប្រកួតជាមួយ វិសាខា
  • រតនគីរី ប្រកួតជាមួយ សូលទីឡូអង្គរ
  • អាស៊ីអ៊ឺរ៉ុបយូណាយធីត ប្រកួតជាមួយ ក្រសួងការពារជាតិ
  • សៀមរាប ប្រកួតជាមួយ បឹងកេត
  • កំពង់ចាម ប្រកួតជាមួយ ភ្នំពេញក្រោន
  • ត្បូងឃ្មុំ ប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង
  • គីរីវង់សុខសែនជ័យ ប្រកួតជាមួយ ណាហ្គាវើលដ៍

ចំពោះការប្រកួត គឺគ្រោងនឹងធ្វើចំនួន ២ជើង ចាប់ផ្ដើមជើងទី១ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ខណៈជើងទី២ នៅថ្ងៃទី២៦ ខែមិថុនា ត្រូវប្ដូរទឹកដីទៅក្រុមដែលជាភ្ញៀវវិញ។

សូមបញ្ជាក់ថា នេះជាឆ្នាំទី១៣ហើយ ដែលពានកម្រិតទី២ ប្រចាំប្រទេសមួយនេះដំណើរការឡើង ខណៈឆ្នាំចុងក្រោយក្រុមដែលទទួលតំណែងជើងឯក គឺបានទៅលើ ក្លឹបបាល់ទាត់ក្រសួងការពារជាតិ បន្ទាប់ពីបានយកឈ្នះ អគ្គស្នងការរដ្ឋាននគរបាលជាតិ ៣ទល់០ នៅវគ្គផ្ដាច់ព្រ័ត្រ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់