គ្រូប៉ាគីស្ថាន នៅតែរីករាយលទ្ធផលកូនក្រុមចាញ់ U-23 បារ៉ែន ដោយសារកីឡាករមិនទាន់ពេញជើង

មាស សុផាណារ៉ុង May 31, 2019


 

បារ៉ែន៖ កាលពីថ្ងៃ២៨ ខែឧសភា កន្លងទៅ ក្រុមបាល់ទាត់ជម្រើសជាតិប៉ាគីស្ថាន ( ក្រុមដែលសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA ទទួលស្គាល់ ) បានធ្វើការប្រកួតកម្ដៅសាច់ដុំជាមួយ ក្រុមជម្រើសជាតិប៉ារ៉ែនអាយុក្រោម២៣ឆ្នាំ ដែលបានបញ្ចប់ទៅដោយលទ្ធផល ចាញ់ ២ទល់១ ប៉ុន្តែគ្រូបង្វឹកនៃក្រុមនេះ បានសម្ដែងនូវក្ដីរីករាយទោះបីលទ្ធផលមិនល្អក៏ដោយ។

ក្រោយចប់ការប្រកួត លោក Jose Antonio Nogueira ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិប៉ាគីស្ថាន សប្បាយចិត្តជាមួយនឹងអ្វីដែលកូនក្រុមរបស់លោកបានធ្វើ។ លោកថា៖ «វាគឺមានភាពវិជ្ជមានសម្រាប់យើង ភាគច្រើនកីឡាករក្មេងៗត្រូវបានដាក់ឲ្យលេង ហើយពួកគេធ្វើបានល្អណាស់។ ប៉ាគីស្ថាន បានប្រកួតលើកចុងក្រោយរបស់ខ្លួនតាំងពីខែធ្នូ យើងប្រើប្រាស់អ្នកចាំទី ២នាក់ Ahsanullah និង Muzammil ពួកគេធ្វើបានល្អទាំងពីរព្រមគ្នា»។

គ្រូបង្វឹកសញ្ជាតិប្រេស៊ីលដដែលរូបនេះបានបន្ត៖ «ជាមួយនឹងការហ្វឹកហាត់ប៉ុន្មានថ្ងៃមកនេះ ខ្ញុំសង្ឃឹមជឿជាក់ថាយើងនឹងធ្វើបានល្អពេលប៉ះជាមួយ កម្ពុជា»។

សេចក្ដីរាយការណ៍បានបញ្ជាក់ឲ្យដឹងផងដែរថា កីឡាករកូនកាត់ ប៉ាគីស្ថាន-ដាណឺម៉ាក ប៉ុន្មាននាក់នឹងមកចូលរួមជាមួយក្រុមនៅមុនចាកចេញមកកម្ពុជា ខណៈកីឡាករកូនកាត់អង់គ្លេស ដែលរងរបួសពេលប្រកួតកម្ដៅសាច់ដុំ ក៏រំពឹងថានឹងជាទាន់ការប្រកួតផងដែរ ក៏ដូចជាអតីតខ្សែការពាររបស់ក្លឹប Fulham កីឡាករ Zeeshan Rehman ទើបតែចូលជំរំហ្វឹកហាត់កាលពីម្សិលមិញ។

ជម្រើសជាតិប៉ាគីស្ថាន បច្ចុប្បន្នមានការបែងចែកជាពីរក្រុមផ្សេងគ្នា ដោយមួយក្រុមនេះដែលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ( FIFA ) កំពុងហ្វឹកហាត់នៅបារ៉ែន ស្របពេលដែលមួយក្រុមទៀតដែលមិនទាន់បានការទទួលស្គាល់ពី FIFA ហ្វឹកហាត់ក្នុងប្រទេសប៉ាគីស្ថានផ្ទាល់ ក្នុងនោះក៏មានកីឡាករសំខាន់ៗមួយចំនួនផងដែរ ដែលគេរំពឹងថាកីឡាករទាំងនោះនឹងខកខានឱកាសក្នុងការដើរតួជាកីឡាករតំណាងជាតិប្រកួតជម្រុះបាល់ទាត់ពិភពលោក ( FIFA World Cup )  ដែលធ្វើឡើងរៀងរាល់ ៤ឆ្នាំម្ដងមួយនេះ។

សូមបញ្ជាក់ជាថ្មីផងដែរថា កម្ពុជា នឹងត្រូវជួប ប៉ាគីស្ថាន នៅជើងទី១ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៦ ខែមិថុនា លើទឹកដីកម្ពុជា ខណៈជើងទី២ ប្ដូរទឹកដីវិញ ទៅទឹកដីកណ្ដាលនៅកីឡដ្ឋាន Khalifa Stadium នាទីក្រុងដូហា ប្រទេសកាតា នៅថ្ងៃទី១១ ខែមិថុនា ដោយសារប៉ាគីស្ថាន មិនអាចទទួលធ្វើម្ចាស់ផ្ទះផ្ទាល់បាន ព្រោះប្រទេសនេះ មិនមានស្ថេរភាពនយោបាយ ដើម្បីសម្រេចសេចក្ដីរកក្រុមដែលឡើងទៅជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification – AFC ) ប្រចាំទ្វីបអាស៊ី៕

 

រូបភាព៖ Football in Pakistan / footballcounter

អត្ថបទ៖ ណារ៉ុង

មតិយោបល់