ស្ថិតិសង្ខេបរបស់ ចាន់ វឌ្ឍនាកា ជាមួយក្លឹបទាំង២នៅលីគម៉ាឡេស៊ី បន្ទាប់ពីក្លឹបចុងក្រោយ PKNS ប្រកាសចែកផ្លូវម្សិលមិញ

មាស សុផាណារ៉ុង May 31, 2019


 

គូឡាឡាំពួរ៖ កីឡាករ ចាន់ វឌ្ឍនាកា បានបរាជ័យក្នុងអាជីពបាល់ទាត់លើទឹកដីម៉ាឡេស៊ីជាថ្មីទៀតហើយ បន្ទាប់ពីត្រូវក្លឹប PKNS FC ប្រកាសបញ្ចប់កិច្ចសន្យា ហើយយកកីឡាករកូនកាត់ថៃ-ន័រវ៉េ Kittiphong Pluemjai មកជំនួស។ នេះបើតាមការចុះផ្សាយជាបន្ដបន្ទាប់របស់បណ្ដាញសារព័ត៌មានក្នុងស្រុកម៉ាឡេស៊ី។

បើយោងតាមសម្ដី លោក Md Adi Harmizi Ariffin អគ្គលេខាធិការក្លឹបកំពុងឈរលេខរៀងទី៧ នៃលីគកំពូលម៉ាឡេស៊ីនេះ បានប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថា ក្លឹបពិតជាបានចែកផ្លូវជាមួយ ចាន់ វឌ្ឍនាកា មែនក្នុងរដូវកាលដោះដូរកីឡាករកាលពីពេលថ្មីៗ ហើយក្លឹបបាននាំយកកីឡាករ Kittiphong Pluemjai មកជំនួស ព្រោះក្លឹបចង់ផ្លាស់ប្ដូរយុទ្ធសាស្ដ្រថ្មី។

យ៉ាងណាមិញ អគ្គលេខាធិការក្លឹបខាងលើ បានសម្ដែងការរីករាយ ចំពោះវត្តមានរបស់កីឡាករម្ពុជា ចាន់ វឌ្ឍនាកា ដែលបានចូលរួមជាមួយក្លឹបកន្លងមក ធ្វើឲ្យក្លឹប PKNS ទទួលបានការគាំទ្រពេញយ៉ាងខ្លាំងលើបណ្ដាញសង្គម ហើយលោកក៏សង្ឃឹមថា វឌ្ឍនាកា នឹងទទួលបានជោគជ័យ ក្នុងអាជីពបាល់ទាត់ នាថ្ងៃអនាគតផងដែរ។

គួរបញ្ជាក់ថា នេះគឺជាលើកទី២ ហើយ ដែល ចាន់ វឌ្ឍនាកា បានបរាជ័យពាក់កណ្ដាលផ្លូវ ក្នុងការប្រកបអាជីពនៅលីគកំពូលម៉ាឡេស៊ី ព្រោះកាលពីរដូវកាលមុន កីឡាកររហស្សនាម CV11 រូបនេះ ក៏ត្រូវបានក្លឹប Pahang FA បញ្ចប់កិច្ចសន្យាពាក់កណ្ដាលទី បន្ទាប់ពីលេងបានត្រឹមជើងទី១ នៃលីគកំពូលម៉ាឡេស៊ី ដូចឆ្នាំ២០១៩ នេះផងដែរ។

ស្ថិតិសង្ខេបរបស់ ចាន់ វឌ្ឍនាកា ២រដូវកាល នៅលីគកំពូលម៉ាឡេស៊ី៖

Pahang FA៖

  • បង្ហាញខ្លួនបាន: ១២ប្រកួត
  • ទាត់បញ្ជូលទីបាន: ១គ្រាប់ ( ជាបាល់គូប្រកួតធ្វើចូលទីខ្លួនឯង ប៉ុន្តែលីគម៉ាឡេស៊ី សម្រេចផ្ដល់បាល់នេះឲ្យ វឌ្ឍនាកា ជាអ្នកទាត់ចូល )
  • បញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី: ១ដង

PKNS៖

  • បង្ហាញខ្លួនបាន: ១៣ប្រកួត
  • ទាត់បញ្ជូលទីបាន: ៣គ្រាប់
  • បញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី: ៤ដង

 

រូបភាព៖ Pahang FA / PKNS FC

អត្ថបទ៖ បុត្រា

មតិយោបល់