សំបុត្រទស្សនាគោព្រៃកម្ពុជា ប៉ះប៉ាគីស្ថាន ចាប់ផ្ដើមលក់ពីថ្ងៃនេះ

មាស សុផាណារ៉ុង May 31, 2019


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានដាក់លក់សំបុត្រចូលទស្សនាការប្រកួត រវាងក្រុមជម្រើសជាតិកម្ពុជា និងជម្រើសជាតិប៉ាគីស្ថាន ផ្លូវការហើយ នៅថ្ងៃទី៣១ ខែឧសភានេះ ខណៈនឹងធ្វើឡើងនាថ្ងៃទី០៦ ខែមិថុនាខាងមុខ នៅពហុកីឡដ្ឋានជាតិ។

សម្រាប់សំបុត្រចូលទស្សនាជើងទី១ រវាងក្រុមគោព្រៃកម្ពុជា និងប៉ាគីស្ថាន ក្នុងវគ្គជម្រុះជុំដំបូង នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា (2022 FIFA World Cup qualification-AFC) នាថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍ក្រោយ គឺរក្សាតម្លៃ ១០,០០០រៀល និង ៥,០០០រៀល ដូចសព្វដងដដែល។

គួរបញ្ជាក់ថា ទោះបីសំបុត្រចូលទស្សនាត្រូវបានដាក់លក់ផ្លូវការ តែក្រុមជម្រើសជាតិកម្ពុជា មិនទាន់ធ្វើការប្រមូលផ្ដុំនោះទេ ដោយរង់ចាំចប់ការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី១០ សិន។ ប៉ុន្ដែលោក Felix គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បានបញ្ជាក់ថា ការប្រមូលផ្ដុំគ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី០៣ ខែមិថុនា ពោលគឺមុនការប្រកួតផ្លូវការ ៣ថ្ងៃ។

ចំពោះក្រុមជម្រើសជាតិកម្ពុជា និងប៉ាគីស្ថាន នឹងត្រូវជួបគ្នា ២ជើង ដើម្បីប្រជែងកៅអីជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ក្នុងជើងទី១ ត្រូវប្រកួតលើទីលានពហុកីឡដ្ឋានជាតិរបស់កម្ពុជា នាថ្ងៃទី០៦ ខែមិថុនា និងជើងទី២ ប្រកួតនាថ្ងៃទី១១ ខែដដែល នៅកីឡដ្ឋាន Khalifa Stadium នាទីក្រុងដូហា ប្រទេសកាតា ដោយសារប៉ាគីស្ថាន មិនអាចទទួលធ្វើម្ចាស់ផ្ទះផ្ទាល់បាន ព្រោះប្រទេសនេះ មិនមានស្ថេរភាពនយោបាយ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់