ភ្នំពេញក្រោន បញ្ចប់កិច្ចសន្យាកីឡាករបរទេសទី៤ មុនកាលកំណត់នៅរដូវកាលនេះ

មាស សុផាណារ៉ុង May 30, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានជូនដំណឹងថា អ្នកចាំទីសញ្ជាតិប្រេស៊ីល កីឡាករ Leonardo Oliveira Tavares បានចាកចេញពីក្លឹបហើយ បន្ទាប់ពីចំណេយពេលជាមួយក្លឹបបានប្រមាណ ២៤សប្ដាហ៍។

អតីតក្រុមជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលនេះ បានជូនដំណឹងលើប្រព័ន្ធផ្សព្វផ្សាយខ្លួនថា «ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានកិត្តិយសសូមជម្រាបជូនសាធារណជនក៏ដូចជាអ្នកគាំទ្រឱ្យបានជ្រាបថា ក្លឹបបានសម្រេចចែកផ្លូវគ្នាជាមួយកីឡាករ Leonardo Oliveira Tavares ក្រោយរូបគេបានចូលរួមជាមួយពួកយើងក្នុងរយៈពេលកន្លងមកនេះ ពោលគឺបានចូលរួមលេងក្នុងការប្រកួតផ្លូវការចំនួន ៣លើក។»

ក្លឹបបានបន្ថែមថា៖ «សូមជម្រាបជូនថា កីឡាករជនជាតិប្រេស៊ីលរូបនេះបានសម្រេចចិត្តចាកចេញពីក្លឹបបាល់ទាត់ភ្នំពេញក្រោន ជាមួយនឹងហេតុផលផ្ទាល់ខ្លួនមួយចំនួន និងដោយមានការព្រមព្រៀងគ្នាក្នុងការបញ្ចប់កិច្ចសន្យាជាមួយក្លឹបភ្នំពេញក្រោនជាស្ថាពរ។ យ៉ាងណាក៏ដោយ ឈរលើលទ្ធផលនៃការពិភាក្សារវាងភាគីក្លឹប និងសាមីខ្លួន បានសម្រេចមិនលើកបង្ហាញមូលហេតុទាំងនោះឡើយ ហេតុនេះ សូមសាធារណជនជាពិសេសអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោនមេត្តាយោគយល់ដោយក្តីអនុគ្រោះ។»

Leonardo Oliveira បានក្លាយជាកីឡាករបរទេសទី៤ ហើយដែលក្លឹបបាល់ទាត់ភ្នំពេញក្រោន សម្រេចបញ្ចប់កុងត្រាមុនកាលកំណត់ ទាំងដែលការប្រកួតទើបតែចាប់ផ្ដើមបានប៉ុន្មានប្រកួត បន្ទាប់ពីកីឡាករសញ្ជាតិកូរ៉េខាងត្បូង Tae Woong Kim ( តាំងពីមុនលីគចាប់ផ្ដើម ដោយសារបញ្ហារបួស ) និងកីឡាករ Darlan Martins ( បញ្ចប់កិច្ចសន្យាកាលពីសប្ដាហ៍ទី២ ដោយសារបញ្ហារបួសដូចគ្នា ) កីឡាករ Jhonata Sant’anna Da Silva ( រងរបួសជង្គង់ )។

បច្ចុប្បន្នក្លឹប មានកីឡាករបរទេសតែ ២នាក់ប៉ុណ្ណោះ ពោលគឺកីឡាករប្រេស៊ីល Paulo Victor និងកីឡាករជប៉ុន Shuhei Mitsuhashi ( យកមកជំនួសកីឡាករ Tae Woong Kim )។ ខណៈនេះ ភ្នំពេញក្រោន មិនអាចនាំចូលកីឡាករថ្មីមកជំនួសបានឡើយ គ្រាដែលទីផ្សារដោះដូរកីឡាករបានបិទរួចទៅហើយ ក្លឹបនេះត្រូវរង់ចាំរហូតដល់ជើងទី២ ទើបអាចនាំចូលបាន៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់