លោក Felix បង្ហើបរឿងរ៉ាវខ្លះៗមុនគោព្រៃកម្ពុជា ប៉ះ ប៉ាគីស្ថាន នាសប្ដាហ៍ក្រោយ

មាស សុផាណារ៉ុង May 30, 2019


 

ភ្នំពេញ៖ មុនការប្រកួតជម្រុះជុំដំបូងនៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ធ្វើឡើងនៅប្រទេសកាតា ( 2022 FIFA World Cup qualification – AFC ) ខែក្រោយ រវាងកម្ពុជា ជាមួយ ប៉ាគីស្ថាន ជើងទី១ លោក Felix Gonzalez Dalmas គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បានបញ្ជាក់តាមរយៈការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជុំវិញរឿងរ៉ាវខ្លះៗ។

លោក Felix Dalmas បានបង្ហើបថា អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda នឹងបង្ហាញវត្តមានលើទីលានពហុកីឡដ្ឋានជាតិជាថ្មី ដើម្បីដឹកនាំក្រុមផ្ទាល់ក្នុងយុទ្ធនាការប្រកួតជម្រុះពានរង្វាន់ខាងលើ ជើងទី១ ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន នាថ្ងៃទី០៦ ខែមិថុនា ខាងមុខ។

លោក Felix បានបញ្ជាក់កាលពីយប់មិញថា Honda ទើបផុតកិច្ចសន្យាជាមួយក្លឹប Melbourne Victory នៃលីគកំពូលអូស្ដ្រាលី ខាងលើនឹងមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ប៉ុន្ដែលោកមិនបានបញ្ជាក់លោក Honda នឹងមកដល់កម្ពុជាថ្ងៃណានោះទេ ដោយគ្រាន់តែសង្កត់ធ្ងន់ថា «គាត់ (Honda) នឹងមកដឹកនាំកម្ពុជាផ្ទាល់»។

ទន្ទឹមជាមួយគ្នា លោក Felix ក៏បានឆ្លើយនឹងសំណួររបស់អ្នកគាំទ្រ ពាក់ព័ន្ធនឹងការប្រមូលផ្ដុំហ្វឹកហាត់រយៈពេលខ្លីផងដែរ ដោយបញ្ជាក់ថា ការហ្វឹកហាត់នឹងចាប់ផ្ដើមនៅថ្ងៃទី០៣ ខែមិថុនា ព្រោះលោកមិនចង់ធ្វើឲ្យប៉ះពាល់ដល់កម្មវិធីប្រកួតលីគ និងគោរពថ្ងៃ FIFA-Day ដែលអាចកោះហៅកីឡាករមកប្រមូលផ្ដុំបាន ព្រោះ FIFA-Day គឺចំថ្ងៃទី០៣ តែម្ដង។ ដូច្នេះលោកនឹងបង្ហាញបញ្ជីឈ្មោះកីឡាករ ក្រោយចប់លីគ សប្ដាហ៍ទី១០។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតជើងទី១ ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន នាថ្ងៃទី០៦ ខែមិថុនាសប្ដាហ៍ក្រោយ ខណៈជើងទី២ នឹងត្រូវប្ដូរទឹកដី ( ទឹកដីកណ្ដាលនៅប្រទេសកាតា ) វិញម្ដង នាថ្ងៃទី១១ ខែមិថុនា ដដែល ដើម្បីកាត់សេចក្ដីរកក្រុមឡើងទៅប្រកួតជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification – AFC ) ប្រចាំទ្វីបអាស៊ី៕

 

អត្ថបទ៖ បុត្រា

មតិយោបល់