គ្រូសៀមរាប ថាអាចប្រជែងជាមួយក្រុមពីរនៅលីគកំពូលកម្ពុជា សម្រាប់វគ្គថ្នាក់ជាតិ ពានរង្វាន់សម្តេចតេជោ

មាស សុផាណារ៉ុង May 30, 2019


 

ភ្នំពេញ៖ បន្ទាប់ពីបានកៅអីក្នុងនាមជាក្រុមលេខ២ នៃវគ្គថ្នាក់ខេត្ត ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន គ្រូបង្វឹកនៃក្រុមជម្រើសខេត្តសៀមរាប បានបង្ហើបក្រុមខ្លួនអាចប្រជែងជាមួយក្រុមពីរនៅលីគកំពូលកម្ពុជា សម្រាប់ការតតាំងបន្តក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន វគ្គថ្នាក់ជាតិ លើកទី១៣។

សៀមរាប បានរងបរាជ័យក្រោមថ្វីជើង ខេត្តត្បូងឃ្មុំ ដោយលទ្ធផល ១ទល់០ នៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ដដែលខាងលើ វគ្គថ្នាក់ខេត្ត យ៉ាងណាមិញក្រុមនេះនៅតែទទួលបានកៅអីទៅជុំបន្ត ពោលគឺវគ្គ ១៦ក្រុមចុងក្រោយ ថ្នាក់ជាតិ ដោយនឹងត្រូវប្រជែងជាមួយក្រុមចំនួន ១៣ពីលីគកំពូលកម្ពុជា បូកជាមួយក្រុម ២ដែលឡើងពីវគ្គថ្នាក់ខេត្តនេះ ខណៈបានឡើងដល់វគ្គនេះ លោក លី ធារ៉ា គ្រូបង្វឹកនៃក្រុមជម្រើសខេត្តសៀមរាប បានបង្ហើបមិនខ្លាចក្រុម ២ នៅលីគកំពូលកម្ពុជា។

ថ្លែងក្នុងកិច្ចសម្ភាសន៍ លោក លី ធារ៉ា បានបញ្ជាក់ថា ក្រុមពីរដែលលោកគិតថាអាចប្រជែងជាមួយបាន គឺក្លឹបបាល់ទាត់ខេត្តកំពង់ចាម និងក្លឹបបាល់ទាត់សូលទីឡូអង្គរ ប៉ុន្តែលោកក៏បានបង្ហើបពីក្រុមដែលលោកមិនចង់ជួបជាងគេផងដែរ គឺ ក្លឹបបាល់ទាត់ណាហ្គាវើលដ៍។ «សម្រាប់ក្រុម ១៣នៅក្នុងលីគ ដែលខ្ញុំគិតថាអាចប្រជែងជាមួយបាន មានខេត្តកំពង់ចាម ហើយនឹង សូលទីឡូអង្គរ ដោយសារខ្ញុំគិតថាសូលទីឡូអង្គរ និងកំពង់ចាម ខ្ញុំអាចប្រជែងបានដោយសារគុណភាពកីឡាករខ្មែរ និងខ្មែរដូចគ្នាយើងធ្លាប់ស្គាល់ពីគុណភាព និងធ្លាប់ឃើញការលេងយើងអាចទៅរួច … ហើយសម្រាប់ក្រុមដែលខ្ញុំចង់ជៀសជាងគេ គឺណាហ្គាវើលដ៍ ដោយសារគុណភាពកីឡាករខ្មែររបស់ណាហ្គា ល្អ ហើយគ្រូបង្វឹក លោក មាស ចាន់ណា គាត់រៀបចំបានល្អផងដែរ»។ សម្ដីរបស់ លោក លី ធារ៉ា។

ជាមួយគ្នាផងដែរ គ្រូបង្វឹកដដែលរូបនេះ ក៏បានបញ្ជាក់ផងដែរថា ទោះបីជាចាប់ឆ្នោតប៉ះក្រុមណាក៏ដោយ ហើយលទ្ធផលបែបណាក៏ដោយ គឺលោកនឹងព្យាយាមដឹកនាំក្រុមធ្វើការប្រកួតឲ្យកាន់តែល្អមើល។

ក្រុមទទួលបានចំណាត់ថ្នាក់ជ័យលាពីលេខ១ ដល់លេខ៣ និងត្រូវឡើងមកបង្រ្គប់ជាមួយក្រុមចំនួន ១៣ផ្សេងទៀតនៅលីគកំពូលកម្ពុជា ( យុវជនសាលាបាល់ទាត់បាទី ដកខ្លួន ) ដើម្បីប្រកួតក្នុងវគ្គ ១៦ក្រុមចុងក្រោយ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន វគ្គថ្នាក់ជាតិ លើកទី១៣ ខណៈការចាប់ឆ្នោតគឺគ្រោងនឹងធ្វើឡើងនៅថ្ងៃស្អែកនេះ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់