ត្បូងឃ្មុំ បំបែកកំណត់ត្រាលើកពានសម្ដេចតេជោ-ថ្នាក់ខេត្ត ដោយមិនស្គាល់ពាក្យថាចាញ់

មាស សុផាណារ៉ុង May 30, 2019


 

ភ្នំពេញ៖ ក្នុងនាមជាខេត្តកូនពៅរបស់ប្រទេសកម្ពុជា ក្រុមបាល់ទាត់ជម្រើសខេត្តត្បូងឃ្មុំ បានធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្តមានការសប្បាយចិត្តជាខ្លាំង ក្រោយដណ្ដើមបានជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី១៣ បន្ទាប់ពីផ្ដួលក្រុមជម្រើសខេត្តសៀមរាប ជាមួយជ័យជម្នះ ១-០ នៅកីឡដ្ឋានវិសាខា កាលពីយប់មិញ។

ជំនួបដ៏ជក់ចិត្តនេះ ក្រុមទាំងពីរ ធ្វើបានយ៉ាងល្អក្នុងវគ្គទី១ ដោយរារាំងមិនឲ្យរបូតគ្រាប់បាល់ឡើយ ទោះបីកីឡាករត្បូងឃ្មុំម្នាក់ និងកីឡាករសៀមរាបម្នាក់ ត្រូវបានអាជ្ញាកណ្ដាលពិន័យកាតក្រហមក៏ដោយ។ ប៉ុន្ដែចូលវគ្គទី២ ខេត្តត្បូងឃ្មុំ បានបំប៉ោងសំណាញ់ទីខេត្តសៀមរាប ១គ្រាប់លឿនបំផុត ដោយមិនដល់ ១នាទីផង បន្ទាប់ពីពួកគេ ដណ្ដើមបានបាល់កែចេញពីជើងកីឡាករសៀមរាប នៅនាទី៤៦ ដែលធ្វើសម្រេចដោយកីឡាករ លី រមី។

បន្ទាប់ពីត្រូវគូប្រកួតនាំមុខ ខេត្តសៀមរាប ក៏ព្យាយាមវាបកណាស់ដែរ តែធ្វើមិនបានសម្រេច ធ្វើឲ្យចប់ការប្រកួត ខេត្តត្បូងឃ្មុំ ឈ្នះខេត្តសៀមរាប ១-០ ដើម្បីក្លាយជើងឯកក្រុមជើងឯក ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី១៣។

តែអ្វីដែលពិសេស គឺខេត្តត្បូងឃ្មុំ បានរក្សាកំណត់ត្រាឈ្នះ មិនស្គាល់ចាញ់សូម្បី ១ប្រកួតឡើយ តាំងពីវគ្គជម្រុះក្នុងពូល ដល់វគ្គផ្ដាច់ព្រ័ត្រ។ រីឯលេខ៣ បានទៅខេត្តរតនគិរី ក្រោយយកឈ្នះខេត្តកោះកុង ៣-១។

សម្រាប់រង្វាន់ជ័យលាភី មានដូចជា៖

  • ក្រុមជើងឯក ខេត្តត្បូងឃ្មុំ ទទួលបាន ១៥លានរៀល
  • ជើងឯករង ខេត្តសៀមរាប ទទួលបាន ៧លាន និង ៥០ម៉ឺនរៀល
  • ក្រុមលេខ៣ ខេត្តរតនគិរី ទទួលបាន ៥លានរៀល
  • អ្នកចាំទីល្អ សំអាត រ៉ាវី មកពីត្បូងឃ្មុំ ទទួលបាន ៥០ម៉ឺនរៀល
  • គ្រូបង្វឹកល្អ លោក ផល រស្មីពេជ្រ មកពីត្បូងឃ្មុំ ទទួលបាន ៥០ម៉ឺនរៀល
  • កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ កីឡាករ ម៉ាត់ អ៊ីហ្សា មកពីកោះកុង ទទួលបាន ៥០ម៉ឺនរៀល

ចំពោះក្រុមទទួលបានចំណាត់ថ្នាក់ជ័យលាទីទាំង ៣ក្រុម គឺសុទ្ធតែទទួលបានសិទ្ធិចូលរួមប្រកួតវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់ថ្នាក់ជាតិ។ ចំពោះពានរង្វាន់ថ្នាក់ជាតិ នឹងមានការចូលរួមពីក្រុមសមាជិកលីគកំពូលកម្ពុជាផងដែរ ហើយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា នឹងរៀបចំកម្មវិធីចាប់គូប្រកួតពានថ្នាក់ជាតិ នាថ្ងៃទី៣១ ខែមិថុនាស្អែកនេះ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់