ជម្រើសជាតិប៉ាគីស្ថាន ចាញ់ U-23 ប៉ារ៉ែន ត្រឹម ២ទល់១ កាលពីម្សិលមិញ

មាស សុផាណារ៉ុង May 29, 2019


 

ប៉ារ៉ែន៖ ក្រុមបាល់ទាត់ជម្រើសជាតិប៉ាគីស្ថាន ( ក្រុមដែលសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA ទទួលស្គាល់ ) បានធ្វើការប្រកួតកម្ដៅសាច់ដុំជាមួយ ក្រុមជម្រើសជាតិប៉ារ៉ែនអាយុក្រោម២៣ឆ្នាំ កាលពីយប់មិញ បានបញ្ចប់ទៅដោយលទ្ធផល ចាញ់ ២ទល់១។

នេះគឺត្រូវបានចាត់ទុកថា ជាការប្រកួតដំបូង និងជាការប្រកួតដកស្រង់បច្ចេកទេសសម្រាប់ជម្រើសជាតិប៉ាគីស្ថាន ក្នុងកំឡុងពេលនៃការបោះជំរំហ្វឹកហាត់នៅប្រទេសប៉ារ៉ែន ដើម្បីត្រៀមជួបកម្ពុជា ក្នុងការប្រកួតជម្រុះជុំដំបូងនៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ធ្វើឡើងនៅប្រទេសកាតា ( 2022 FIFA World Cup qualification – AFC ) ខែក្រោយ។

ក្រុមនេះផងដែរ គឺជាក្រុមដែលត្រូវបានទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ( FIFA ) ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិប្រេហ្ស៊ីល លោក Jose Antonio Nogueira ខណៈមួយក្រុមទៀតដែល FIFA ពុំទទួលស្គាល់កំពុងហ្វឹកហាត់នៅក្នុងស្រុក នាកីឡដ្ឋាន Jinnah Stadium។

សូមបញ្ជាក់ជាថ្មីផងដែរថា កម្ពុជា នឹងត្រូវជួប ប៉ាគីស្ថាន នៅជើងទី១ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៦ ខែមិថុនា លើទឹកដីកម្ពុជា ខណៈជើងទី២ ត្រលប់មកទឹកដីប៉ាគីស្ថាន វិញនៅថ្ងៃទី១១ ខែដដែល ដើម្បីសម្រេចសេចក្ដីរកក្រុមដែលឡើងទៅជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification – AFC ) ប្រចាំទ្វីបអាស៊ី៕

 

រូបភាព៖ Football in Pakistan / FootballPakistan.Com (FPDC)

អត្ថបទ៖ ណារ៉ុង

មតិយោបល់