ស្ថិតិសង្ខេប មុនជំនួបផ្ដាច់ព្រ័ត្ររវាង ត្បូងឃ្មុំ ជាមួយសៀមរាប ក្នុងពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត

មាស សុផាណារ៉ុង May 29, 2019


 

ភ្នំពេញ៖ ក្រុមជម្រើសខេត្តត្បូងឃ្មុំ នឹងត្រូវជួបតតាំងជាមួយ ក្រុមជម្រើសខេត្តសៀមរាប ដើម្បីប្រជែងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទី១៣ នាវេលាម៉ោង ៦ល្ងាចនេះ នៅកីឡដ្ឋានវិសាខា។

នេះគឺជាលើកដំបូង ដែលខេត្តត្បូងឃ្មុំ និងខេត្តសៀមរាប បានដឹកដៃគ្នាមកដល់វគ្គនេះ ខណៈកាលពីរដូវកាលមុន ក្រុមទាំងពីរសុទ្ធតែធ្លាក់ត្រឹមវគ្គជម្រុះ ១៦ក្រុមចុងក្រោយដូចគ្នា។ ដូច្នេះមិនថា ខេត្តត្បូងឃ្មុំ ឬសៀមរាបលើកពាននោះទេ គឺសុទ្ធតែជាកំណត់ត្រាថ្មី ពិសេសខេត្តត្បូងឃ្មុំ ដែលជាខេត្តកូនពៅ បើសិនពួកគេឈ្នះ រឹតតែអស្ចារ្យថែមទៀត។

ក្រឡេកមកមើលសមិទ្ធផលក្នុងរដូវកាលថ្មីនេះវិញ ឃើញថាខេត្តត្បូងឃ្មុំមានប្រៀបជាងខេត្តសៀមរាបបន្ដិច ព្រោះតាំងពីវគ្គជម្រុះដំបូង រហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពួកគេមិនស្គាល់ចាញ់ម្ដងឡើយ ផ្ទុយពីខេត្តសៀមរាប ពួកគេបានរងបរាជ័យ ២ប្រកួត ក្នុងចំណោម ៣ប្រកួតក្នុងពូលកាលពីវគ្គជម្រុះដំបូង បន្ទាប់មកទើបពួកគេបានទទួលជ័យជម្នះជាបន្ដបន្ទាប់ ចាប់ពីវគ្គ ១៦ក្រុមចុងក្រោយ រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រ។

គួរបញ្ជាក់ថា ទន្ទឹមជាមួយការបត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះដែរ ទោះបីលទ្ធផលឈ្នះ ឬចាញ់ ក្រុមទាំងពីរ សុទ្ធតែទទួលបានសិទ្ធឡើងទៅប្រកួតវគ្គ ១៦ក្រុមចុងក្រោយ នៃពានថ្នាក់ជាតិ។

រសៀលនេះ មុនឈានដល់ការប្រកួតដណ្ដើមជើងឯក ក៏មានការជួបគ្នាដណ្ដើមលេខ៣ និងដណ្ដើមកៅអីបង្គ្រប់វគ្គ ១៦ក្រុមចុងក្រោយ នៃពានថ្នាក់ជាតិ រវាងខេត្តកោះកុង និងខេត្តរតនៈគិរី ផងដែរ គ្រាដែលប្រកួតទាំង ២គូ នឹងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News៕

ចាំមើលតើត្បូងឃ្មុំ ឬសៀមរាប នឹងក្លាយជាម្ចាស់ពានថ្នាក់ខេត្តនេះ? និងខេត្តកោះកុង ឬក៏ ខេត្តរតនៈគិរី ដែលឡើងមកបង្រ្គប់កៅអីវគ្គ១៦ក្រុមចុងក្រោយថ្នាក់ជាតិ?

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

អត្ថបទ៖ បុត្រា

មតិយោបល់