ជម្រើសជាតិប៉ាគីស្ថាន ប្រកួតកម្ដៅសាច់ដុំជាមួយ U-23 ប៉ារ៉ែន យប់នេះ

មាស សុផាណារ៉ុង May 28, 2019


 

ប៉ារ៉ែន៖ ក្រុមបាល់ទាត់ជម្រើសជាតិប៉ាគីស្ថាន ( ក្រុមដែលសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA ទទួលស្គាល់ ) នឹងធ្វើការប្រកួតកម្ដៅសាច់ដុំជាមួយ ក្រុមជម្រើសជាតិប៉ារ៉ែនអាយុក្រោម២៣ឆ្នាំ យប់នេះ។

យោងតាមការបញ្ជាក់ដោយសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន បានបញ្ជាក់ថាការប្រកួតគឺគ្រោងនឹងធ្វើនៅវេលាយប់ នៅកីឡដ្ឋាន Bahrain National Stadium ប៉ុន្តែពុំមានការផ្សាយផ្ទាល់ឡើយ។

នេះគឺត្រូវបានចាត់ទុកថា ជាការប្រកួតដំបូងសម្រាប់ជម្រើសជាតិប៉ាគីស្ថាន ក្នុងកំឡុងពេលនៃការបោះជំរំហ្វឹកហាត់នៅប្រទេសប៉ារ៉ែន ដើម្បីត្រៀមជួបកម្ពុជា ក្នុងការប្រកួតជម្រុះជុំដំបូងនៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ធ្វើឡើងនៅប្រទេសកាតា ( 2022 FIFA World Cup qualification – AFC ) ខែក្រោយ។

មន្ត្រីរបស់សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន បានលើកឡើងថា៖ «ការប្រកួតកម្ដៅសាច់ដុំនេះគឺជួយយើងសម្រាប់រៀនសូត្របន្ថែមអំពីភាពជារួម។ កីឡាករយើងភាគច្រើនគឺអាយុក្រោម២៣ឆ្នាំ ហើយខ្ញុំសង្ឃឹមថាវាគឺជាការប្រកួតដែលល្អ។»

គួរដឹងដែរថា ការបោះជំរំហ្វឹកហាត់របស់ ជម្រើសជាតិប៉ាគីស្ថាន គឺស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិប្រេហ្ស៊ីល លោក Jose Antonio Nogueira គឺជាក្រុមដែលត្រូវបានទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ( FIFA ) ខណៈមួយក្រុមទៀតដែល FIFA ពុំទទួលស្គាល់កំពុងហ្វឹកហាត់នៅក្នុងស្រុក នាកីឡដ្ឋាន Jinnah Stadium។

នេះថ្ងៃទី២៨ នេះផងដែរ សហព័ន្ធកីឡាបាល់ទាតពិភពលោក ជាមួយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( FIFA-AFC ) នឹងជួបជាមួយសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន ( PFF ) ដើម្បីដោះស្រាយបញ្ហាដ៏ចម្រូងចម្រាសនៃការបែងចែកអំណាច។

ចុចអានអត្ថបទ៖ លម្អិតអំពីរឿងរ៉ាវចម្រូងចម្រាសរបស់សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន

សូមបញ្ជាក់ផងដែរថា កម្ពុជា នឹងត្រូវជួប ប៉ាគីស្ថាន នៅជើងទី១ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៦ ខែមិថុនា លើទឹកដីកម្ពុជា ខណៈជើងទី២ ត្រលប់មកទឹកដីប៉ាគីស្ថាន វិញនៅថ្ងៃទី១១ ខែដដែល ដើម្បីសម្រេចសេចក្ដីរកក្រុមដែលឡើងទៅជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification – AFC ) ប្រចាំទ្វីបអាស៊ី៕

 

រូបភាព៖ FootballPakistan.Com (FPDC)

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់