ថ្នាក់ដឹកនាំ Down Town បង្ហាញក្ដីកង្វល់ មុនចេញទៅប្រកួត AFF Futsal នៅថៃ

មាស សុផាណារ៉ុង May 28, 2019


 

ភ្នំពេញ៖ ក្រុម Down Town Sport នឹងត្រូវចូលរួមប្រកួតកីឡាហ្វូតសាលជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ AFF Futsal Championship 2019 តំណាងប្រទេសកម្ពុជា នាខែមិថុនាខាងមុខ នៅប្រទេសថៃ។

ស្របពេលការប្រកួតកាន់តែខិតជិតមកដល់ ថ្នាក់ដឹកនាំក្រុមជើងឯកលីគហ្វូតសាលកម្ពុជា ឆ្នាំ២០១៨នេះ បានបង្ហាញក្ដីកង្វល់មួយចំនួន ពាក់ព័ន្ធនឹងហិរញ្ញវត្ថុ រហូតស្វែងរកការជួយឧបត្ថម្ភទៀតផង។ លោក ហ៊ល សុភ័ក្ត្រ អ្នកចាត់ការក្រុម Down Town Sport បានឲ្យដឹងថា ពេលនេះក្រុមរបស់លោកកំពុងមានអាសន្នផ្នែកហិរញ្ញវត្ថុ ដោយសារការចំណាយច្រើន តែក្រុមគ្មានចំណូល។

លោកថា ជុំវិញការត្រៀមរហូតដល់ការប្រកួតខ្ទង់ចំណាយរបស់ក្រុមគឺប្រមាណ ២ម៉ឺនដុល្លារ ប៉ុន្ដែដោយសារការចំណាយមានទំហំធំលើសប្រមាណ ប្រធានក្លឹបមិនអាចរត់រួចនោះទេ។ ដូច្នេះលោកក៏បានអំពាវនាវដល់សប្បុរសជន ដើម្បីចូលរួមជួយដល់ក្រុមលោក និងបេសកកម្មតំណាងប្រទេសជាតិមួយនេះ។

លោក ហ៊ល សុភ័ក្ត្រ

សូមបញ្ជាក់ថា ក្រុម Down Town Sport បានទទួលសិទ្ធចូលរួមប្រកួតពានប្រចាំតំបន់អាស៊ាន AFF Futsal Championship 2019 នេះ ដោយសារពួកគេ គឺជាជើងឯកលីគហ្វូតសាលកម្ពុជា ឆ្នាំ២០១៨។

ក្រុមតំណាងកម្ពុជាមួយនេះ នឹងត្រូវប្រកួតប្រជែងជាមួយ ៦ក្រុមផ្សេងទៀត ដែលត្រូវបែងចែកជា ២ពូល ក្នុងនោះ Down Town ស្ថិតក្នុងពូល B ជាមួយក្រុម Imperial របស់មីយ៉ាន់ម៉ា និងក្រុម Melaka United របស់ម៉ាឡេស៊ី។ រីឯការប្រកួត នឹងចាប់ផ្ដើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែមិថុនាខាងមុខ នៅប្រទេសថៃ៕

 

រូបភាព៖ Futsal Cambodia / Down Town Sport

អត្ថបទ៖ បុត្រា

មតិយោបល់