កែវ សុខផេង ថា វិសាខា ចាញ់ការពារជាតិ គឺមិនសមនោះទេ

មាស សុផាណារ៉ុង May 28, 2019


 

ភ្នំពេញ៖ កីឡាករ កែវ សុខផេង ខ្សែប្រយុទ្ធស្នូលរបស់ក្រុមវិសាខា ហាក់មិនអស់ចិត្ត ចំពោះការបរាជ័យក្រោមថ្វីជើងក្រុមក្រសួងការពារជាតិឡើយ ហើយក៏មិនសាកសមផងដែរ ដែលក្រុមខ្លួនមានឱកាសគ្រប់គ្រងបាល់ច្រើន បែរជាត្រូវរបូត ៣ពិន្ទុដូច្នេះ។

អតីតសមាជិកក្លឹប PKNP នៃលីគកំពូលម៉ាឡេស៊ីរូបនេះ បាននិយាយថា៖ «រឿងវាកន្លងផុតហើយ ៣ពិន្ទុបានទៅលើគេហើយ តែសម្រាប់ខ្ញុំ គឺអត់សម (មិនសមចាញ់) ព្រោះបើយើងលេងទៅតាមសមត្ថភាព គឺ ៧០ ទល់នឹង ៣០…»។ ការលើកឡើងបែបនេះ គឺក្រោយពេលក្រុមវិសាខា ប្រកួតចាញ់ក្រុមក្រសួងការពារជាតិ ១-០ នៅកីឡដ្ឋានស្ដាតចាស់ កាលពីចុងសប្ដាហ៍កន្លងទៅ។

លើសពីនេះ សុខផេង ក៏បានអះអាងបន្ថែមថា ដោយសារការខ្វះសំណាង និងខ្វះខាតក្នុងការបញ្ចប់ទី ទើបធ្វើឲ្យរបូត ៣ពិន្ទុក្នុងសប្ដាហ៍ទី៩ ផងដែរ។ អតីតកីឡាករភ្នំពេញក្រោនរូបនេះថា «ខ្ញុំពិតជាសោកស្ដាយ ថ្ងៃនេះយើងអត់សំណាង យើងបុកគេច្រើន គ្រាន់តែថា គេបុកយើងម្ដងរកបាន ១គ្រាប់ គេសំណាងជាងយើង តែបាល់ទាត់គឺបែបនេះ ហើយចំណុចខ្វះខាតរបស់យើង គឺតំបន់ប្រយុទ្ធ ដែលលេងមិនទាន់ត្រូវគ្នា»។

បន្ទាប់ពីស្គាល់ពាក្យចាញ់លើកទី២ ដែលសុទ្ធតែជាប្រកួតក្រៅដី នៅចុងសប្ដាហ៍នេះ វិសាខា នឹងត្រូវធ្វើការកាន់តែធ្ងន់ ជាមួយក្រុមកំពុងឡើងជើង និងមិនទាន់ស្គាល់ចាញ់ គឺក្រុមព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានខេត្តស្វាយរៀង នាល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់