លោក ស៊ុំ វណ្ណា សរសើរកូនក្រុមក្រោយភ្នំពេញក្រោន ឈ្នះគិរីវង់ ២-១ យប់មិញ

មាស សុផាណារ៉ុង May 27, 2019


 

ភ្នំពេញ៖ ដ្បិតយកឈ្នះក្លឹបគិរីវង់សុខសែនជ័យ ទាំងប្រផិតប្រផើយ ២ទល់១ លើទឹកដី Smart RSN ក្នុងសប្ដាហ៍ទី៩ នៃលីគកំពូលកម្ពុជា កាលពីយប់មិញក៏ពិតមែន ប៉ុន្ដែលោក ស៊ុំ វណ្ណា បានធ្វើការសរសើរកីឡាករវ័យក្មេងរបស់ខ្លួន ដែលព្យាយាមធ្វើឲ្យបានកាន់តែល្អប្រសើរ បើធៀបនឹងប្រកួតមុនៗ។

លោកបាននិយាយថា៖ «យើងមានបញ្ហាក្នុងការបញ្ចប់ទីច្រើនសម្រាប់ការប្រកួតទាំងមុនៗ និងលើកនេះ ហើយវាមានកត្តាជាច្រើនរួមបញ្ចូលគ្នា ដូចជាខ្វះកីឡាករបរទេស ប៉ុន្តែយើងទុកចិត្តលើកីឡាករក្មេងៗរបស់យើង ព្រោះពួកគាត់មួយចំនួនអាចលេងលើស និងមានសមត្ថភាពល្អដូចកីឡាករបរទេសដែរ»។

តែទន្ទឹមជាមួយការដណ្ដើមបាន ៣ពិន្ទុក្នុងដីនេះដែរ លោកបានស្នើរកូនក្រុម ត្រូវពង្រឹងការខិតខំបន្ថែមទៀត ដើម្បីត្រៀមការប្រកួតក្រោយឲ្យកាន់តែល្អ។ លោកថា «ខ្ញុំចង់ឲ្យកីឡាកររបស់យើងព្យាយាមលេងបន្ថែមទៀតនៅតំបន់ប្រយុទ្ធ ប្រឹងប្រែងលេងឲ្យបានស៊ីចង្វាក់គ្នា ព្រោះការបញ្ចប់ទីបានល្អ ក៏ស្ថិតលើការសហការគ្នាជាក្រុមផងដែរ ហើយខ្ញុំនឹងព្យាយាមធ្វើការទាំងនេះឲ្យបានល្អជាមួយពួកគាត់»។

គួរបញ្ជាក់ថា ក្រោយយកឈ្នះក្រុមគិរីវង់ បានធ្វើឲ្យភ្នំពេញក្រោន ឡើងមកឈរលេខ៨ បណ្ដោះអាសន្ន និងមាន ១២ពិន្ទុ តែចុងសប្ដាហ៍នេះ ពួកគេត្រូវធ្វើការងារធ្ងន់បន្ដិច ដោយសារត្រូវបើកទ្វារផ្ទះទទួលក្រុមក្រសួងការពារជាតិ នៅកីឡដ្ឋាន Smart RSN នាវេលាម៉ោង ៦ល្ងាច ថ្ងៃទី០១ ខែមិថុនាខាងមុខ៕

 

រូបភាព៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន / Phnom Penh Crown FC

អត្ថបទ៖ បុត្រា

មតិយោបល់