លោក ប្រាក់ សុវណ្ណារ៉ា ថាអាចទទួលយកបាន ដ្បិតប៉ូលិស ចាញ់ អង្គរថាយហ្គឺរ ៤ទល់២

មាស សុផាណារ៉ុង May 27, 2019


 

ភ្នំពេញ៖ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) បានធ្លាក់មកឈរលេខ១២ ក្រោយប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ អង្គរថាយហ្គឺរ ៤ទល់២ ក្នុងជំនួបសប្ដាហ៍ទី៩ នៃលីគកំពូលកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅ ប៉ុន្ដែលោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកប៉ូលិស ហាក់មិនអន់ចិត្តចំពោះលទ្ធផលនេះឡើយ ព្រមទាំងថាអាចទទួលបានទៀតផង។

លោក ប្រាក់ សុវណ្ណារ៉ា បាននិយាយថា៖ «ទោះបីចាញ់ ៤-២ ក៏ដោយ តែយើងអាចទទួលយកបាន ដោយសារតែយើងប្រើកីឡាករខ្មែរទាំងអស់ខាងក្រោម ហើយយើងមើលឃើញថា កីឡាករមានកម្ពស់ខ្ពស់ (Okereke) ដែលយើងមិនអាចទប់ស្កាត់បាន។ ជាទូទៅយើងនៅមានបញ្ហាកីឡាករបរទេសនៅឡើយ គឺកីឡាករជប៉ុនម្នាក់ (Shun Kumagai) គាត់មិនព្រមនៅ ហើយសង្ឃឹមថា នៅជុំទី២ យើងនឹងរកអ្នកជំនួសបាន»។

បន្ថែមលើនេះ លោកក៏បានអះអាងដែរថា លទ្ធផលមិនគាប់ប្រសើរកន្លងមក ដោយសារមានកត្ដាជាច្រើន តែលោកមិនបាក់ទាត់ចិត្តនោះទេ ហើយក៏កំពុងរៀបចំឲ្យបានល្អប្រសើរឡើងវិញផងដែរ។

លោកថា «វាមានកត្ដាជាច្រើន ដែលក្លឹបកំពុងរៀបចំឡើងវិញ។ ដូចយើងដឹង ពីមុនយើងមិនសូវផ្ដោតលទ្ធផល តែពេលនេះយើងកំពុងព្យាយាមជំរុញឲ្យក្លាយជាក្រុមអាជីពមួយនៅកម្ពុជា។ ចឹងយើងត្រូវការៀនសូត្របន្ថែមទៀត»។

គួរដឹងថា ៩ប្រកួតកន្លងមក ក្រុមប៉ូលិស ទើបរកបាន ៧ពិន្ទុប៉ុណ្ណោះ តែចុងសប្ដាហ៍នេះ អាចថាពួកគេសង្ឃឹមនឹងរកបាន ៣ពិន្ទុបន្ថែម ដោយសារត្រូវជួបក្រុមបាត់តារាងខេត្តកំពង់ចាម នៅកីឡដ្ឋានអគ្គិសនីកម្ពុជា៕

 

រូបភាព៖ Metfone Cambodia League

អត្ថបទ៖ បុត្រា

មតិយោបល់