នេះជារឿងថ្មីបន្តកើតមាននៅលីគកំពូលកម្ពុជា សប្ដាហ៍ទី៩

មាស សុផាណារ៉ុង May 27, 2019


 

ភ្នំពេញ៖ លីគកំពូលកម្ពុជា បានបញ្ចប់ការប្រកួតក្នុងសប្ដាហ៍ទី៩ កាលពីចុងសប្ដាហ៍កន្លងទៅ គេឃើញមានរឿងរ៉ាវមួយចំនួន ដែលធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍បន្ថែមទៀត ។

ទី១៖ ក្រុមការពារតំណែងជើងឯកណាហ្គាវើលដ៍ ក្លាយជាក្រុមដំបូងគេដែលទាត់បញ្ជូលទីគូប្រកួតច្រើនជាងគេនៅលីគកំពូលកម្ពុជា ពោលគឺទាត់ចូលទី ក្លឹបបាល់ទាត់កំពង់ចាម ដោយលទ្ធផល ០ទល់១៨ ខណៈគ្រាប់បាល់ដែលច្រើនជាងគេចុងក្រោយគឺ ត្រឹម ១៤ទល់០ ពីការប្រកួតរវាង វិសាខា ជាមួយ ខេត្តកំពង់ចាម ដដែល។

ណាហ្គាវើលដ៍ នៅតែបន្តកាន់កំណត់ត្រាល្អជាងគេក្នុងលីគ ដោយកំពុងក្លាយជាក្រុមដែលឈ្នះច្រើនជាងគេ និងឈ្នះ ៧ប្រកួតជាប់ៗគ្នា ច្រើនជាងគេតែមួយគត់គិតត្រឹមសប្ដាហ៍ទី៩នេះ។ រឿងគួរឲ្យចាប់អារម្មណ៍មួយទៀត ណាហ្គាវើលដ៍ បានរារាំងសំណាញ់ទីរបស់ខ្លួនមិនរបូតសូម្បីតែ ១គ្រាប់ក្នុងចំណោម ៤ប្រកួតចុងក្រោយនេះ។

ទី២៖ ព្រះខ័នរាជស្វាយរៀង នៅតែជាក្រុមតែមួយគត់ដែលមិនទាន់ស្គាល់ពាក្យថាចាញ់ គិតត្រឹមសប្ដាហ៍ទី៩ ក្រោយបន្តយកឈ្នះ យុវជនសាលាបាល់ទាត់ជាតិបាទី ០ទល់៣។ ៩ប្រកួតរបស់ ព្រះខ័នរាជស្វាយរៀង គឺឈ្នះ៧ និងស្មើ២។

ព្រះខ័នរាជស្វាយរៀង គឺជាក្រុមតែ១គត់ផងដែរ ដែលរបូតគ្រាប់បាល់តិចជាងគេក្នុងលីគ ពោលគឺរបូតតែ ៤គ្រាប់ប៉ុណ្ណោះ លើណាហ្គាវើលដ៍ ដែលរបូត ៥គ្រាប់។

ទី៣៖ សូលទីឡូអង្គរ ដែលចាប់ផ្ដើមពុំសូវបានល្អជាមួយនឹងការរកជ័យជម្នះបានតិចតួច ហើយភាគច្រើនស្មើ បែរងាកមករកជ័យជម្នះ ៣ប្រកួតជាប់ៗគ្នា និងបាននាំឲ្យឡើងមកឈរចំណាត់ថ្នាក់៧ នៃលីគ។

ទី៤៖ ក្លឹបបាល់ទាត់ខេត្តកំពង់ចាម កាន់តែត្រដាបត្រដួសក្រោយពុំអាចរកជ័យជម្នះបានទាល់តែសោះនៅ ៨ប្រកួតចុងក្រោយ ហើយអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ ក្រុមមានមូលដ្ឋាននៅខេត្តកំពង់ចាម មួយនេះរបូតគ្រាប់បាល់រហូតដល់ ៨២គ្រាប់ហើយ ត្រឹមរយៈពេល៩សប្ដាហ៍ និងពុំអាចរកគ្រាប់បាល់បានទាល់តែសោះ ចាប់តាំងពីប្រកួតដំបូងដែលរកបានតែ ១គ្រាប់គត់។

ខាងក្រោមគឺជាតារាងចំណាត់ថ្នាក់សម្រាប់សប្ដាហ៍ទី៩៖

 

រូបភាព៖ Metfone Cambodian League / Preah Khan Reach Svay Rieng FC

អត្ថបទ៖ ណារ៉ុង

មតិយោបល់