បញ្ហាផ្ទៃក្នុងរបស់សហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន រំពឹងដោះស្រាយចេញឆាប់ៗនេះ មុនប៉ះកម្ពុជា

មាស សុផាណារ៉ុង May 27, 2019


 

ប៉ាគីស្ថាន៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន លោក Syed Ashfaq Hussain Shah ដែលត្រូវបានទទួលស្គាល់នៅក្នុងប្រទេស បានសម្ដែងក្ដីសង្ឃឹមថានឹងមានដំណោះស្រាយមួយសម្រាប់បាល់ទាត់នៃប្រទេសប៉ាគីស្ថាន ឆ្លើយតបទៅនឹងបេសកកម្មស្វែងរកការពិតរួមគ្នារបស់ស្ថាប័នបាល់ទាត់ពិភពលោក FIFA និងសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC)។

បេសកកម្មរួមគ្នារបស់សហព័ន្ធកីឡាបាល់ទាតពិភពលោក ជាមួយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( FIFA-AFC ) នឹងជួបជាមួយសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន ( PFF ) ដែលដឹកនាំដោយ Ashfaq ដើម្បីដោះស្រាយបញ្ហាចម្រូងចម្រាសនៅថ្ងៃទី២៨ ខែឧសភា ស្អែកនេះ។

គួរដឹងដែរថា ជម្លោះរបស់ប្រធានសហព័ន្ធទាំង២ គឺកើតឡើងដោយសារតែបន្ទាប់ពីមានការបោះឆ្នោតជ្រើសរើសប្រធានថ្មី ស្របពេលដែល លោក Hayat ពុំទទួលស្គាល់លទ្ធផល ដោយសារការបោះឆ្នោតស្ថិតនៅក្រោមការឃ្លាំមើលពីស្ថាប័នតុលាការ ខណៈច្បាប់របស់ FIFA គឺមានភាពតឹងតែងក្នុងទំនាក់ទំនងរវាងរដ្ឋាភិបាល ចូលទៅក្នុងកិច្ចការកីឡាបាល់ទាត់ ឬអាចនិយាយបានថា បាល់ទាត់ គឺមិនត្រូវស្ថិតនៅក្រោម នយោបាយ ឡើយ។

FIFA នៅតែទទួលស្គាល់ លោក Faisal Saleh Hayat ជាប្រធានសហព័ន្ធកីឡាបាល់ទាត់ប៉ាគីស្ថាន ហើយបេសកកម្មនេះមានបំណងដោះស្រាយបញ្ហាដែលបានធ្វើឱ្យប៉ះពាល់ដល់បាល់ទាត់របស់ប្រទេសក្នុងរយៈពេល៣ឆ្នាំ ចុងក្រោយនេះ។

ប្រធានថ្មី លោក Ashfaq ដែលត្រូវបានទទួលស្គាល់តែនៅក្នុងស្រុក បាននិយាយថា៖ «យើងមិនជំទាស់ទេ នៅគ្រប់ទីកន្លែងដែលគណៈប្រតិភូរៀបចំកិច្ចប្រជុំ យើងនឹងចូលរួមដើម្បីសិទ្ធិរបស់យើង និងបង្ហាញភាពត្រឹមត្រូវរបស់យើងឱ្យបានខ្លាំងក្លា»។ យើងបានរៀបចំឯកសារដ៏រឹងមាំមួយ ដើម្បីការពារមុនពេលគណៈកម្មាការរបស់ FIFA/AFC មកដល់ ហើយយើងសង្ឃឹមថាការសម្រេចចិត្តដ៏ត្រឹមត្រូវនឹងកើតមានឡើងនៅក្នុងបាល់ទាត់ប៉ាគីស្ថាន។

លោក Syed Ashfaq Hussain Shah ដែលទទួលស្គាល់តែក្នុងប្រទេស

សេចក្ដីរាយការណ៍បានបញ្ជាក់ថា ការបែងចែករវាងក្រុមទាំងពីរដែលកំពុងមានជម្លោះនេះ បានធ្វើឲ្យមានការបែងចែកក្រុមជម្រើសជាតិ ២ហ្វឹកហាត់ដាច់ដោយឡែកពីគ្នា សម្រាប់ការត្រៀមមុនការប្រកួតជម្រុះជុំដំបូងនៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ធ្វើឡើងនៅប្រទេសកាតា ( 2022 FIFA World Cup qualification – AFC ) នៅខែក្រោយជាមួយនឹង កម្ពុជា។

ក្រុមជម្រើសជាតិ ដែលដឹកនាំដោយ លោក Ashfaq កំពុងបោះជំរុំហ្វឹកហាត់នៅក្នុងប្រទេស នាទីក្រុង Islamabad ខណៈក្រុមរបស់លោក Hayat កំពុងហ្វឹកហាត់ នៅឯប្រទេសបារ៉ែន។ ជាមួយគ្នានេះក្រុមរបស់ លោក Hayat ក៏បានធ្វើការផ្លាស់ប្តូរផងដែរនូវការប្រកួតជើងទី២ នៃការប្រកួតជម្រុះទល់នឹងកម្ពុជា ទៅកាន់ទីក្រុង Doha របស់ប្រទេសកាតា ដែលជាការផ្លាស់ប្តូរមួយដែលត្រូវបាន FIFA អនុញ្ញាតិ។

លោក Faisal Saleh Hayat ដែលទទួលស្គាល់ដោយ FIFA

សូមបញ្ជាក់ផងដែរថា កម្ពុជា នឹងត្រូវជួប ប៉ាគីស្ថាន នៅជើងទី១ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៦ ខែមិថុនា លើទឹកដីកម្ពុជា ខណៈជើងទី២ ត្រលប់មកទឹកដីប៉ាគីស្ថាន វិញនៅថ្ងៃទី១១ ខែដដែល ដើម្បីសម្រេចសេចក្ដីរកក្រុមដែលឡើងទៅជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ( 2022 FIFA World Cup qualification – AFC ) ប្រចាំទ្វីបអាស៊ី៕

 

រូបភាព៖ EXPRESS / FootballPakistan.Com (FPDC)

ប្រភព៖ FootballPakistan.Com (FPDC)

ប្រែសម្រួល៖ ណារ៉ុង

មតិយោបល់