ខេត្តកំពង់ចាម រងការរិះគន់កាន់តែខ្លាំងក្រោយបន្ដចាញ់ ណាហ្គាវើលដ៍ ១៨គ្រាប់

មាស សុផាណារ៉ុង May 27, 2019


 

ភ្នំពេញ៖ បន្ទាប់ពីទទួលបានការកោតសរសើរតាមរយៈការរកបាន ៣ពិន្ទុ កាលពីដើមរដូវកាល ដោយឈ្នះក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា ១ទល់០ គេឃើញក្រុមចំណូលថ្មី ក្លឹបបាល់ទាត់ខេត្តកំពង់ចាម បានទទួលរងការរិះគន់ជាបន្ដបន្ទាប់រហូតដល់សប្ដាហ៍ទី៩ ក្រោយត្រូវណាហ្គាវើល លត់ក្នុងលទ្ធផល ០ទល់១៨ កាលពីម្សិលមិញ មានអ្នកគាំទ្រជាច្រើនបានចេញមករិះគន់កាន់តែខ្លាំង ចំពោះលទ្ធផលដ៏អាក្រក់នេះ។

ក្រោយឆ្លងកាត់ ៩សប្ដាហ៍កន្លងមក ភាគច្រើនក្លឹបបាល់ទាត់ខេត្តកំពង់ចាម តែងបរាជ័យលើសពី ១០គ្រាប់ តួយ៉ាងចាញ់អង្គរថាយហ្គឺរ និងក្រសួងការពារជាតិ ១១-០, ចាញ់វិសាខា ១៤-០, ចាញ់ព្រះខ័នរាជស្វាយរៀង ១៣-០ និងបន្ដចាញ់ក្រុមណាហ្គាវើល ១៨-០ ។

ដោយផ្អែកលើលទ្ធផលទាំងនេះ ក្នុងនាមសមាជិកលីគកំពូលកម្ពុជា បានធ្វើឲ្យអ្នកគាំទ្រទប់អារម្មណ៍មិនបាន ក៏នាំគ្នារិះគន់ ហើយថា កំពង់ចាម មិនគួរប្រញាប់ឡើងមកលេងលីគកំពូលពេកនោះទេ។ ទន្ទឹមជាមួយការរិះគន់ក្រុមក្មេងខ្ចីនេះ មានអ្នកគាំទ្រខ្លះ ក៏បានរិះគន់ ចំពោះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា – CNCC ដែលអនុញ្ញាតឲ្យខេត្តកំពង់ចាម ចូលរួមប្រកួតលីគកំពូលកម្ពុជាផងដែរ។

អ្នកគាំទ្រខ្លះលើកឡើងថា ការអនុញ្ញាតឲ្យក្រុមមានមិនទាន់រឹងដៃរឹងជើងចូលលេងលីគបែបនេះ គ្មានផលចំណេញនោះទេ ផ្ទុយទៅវិញ វាធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពលីគ និងបំបាក់ទឹកចិត្តកីឡាករ រាល់ពេលក្រុមត្រូវចាញ់ស្ពឹកមុខទៀតផង។

ពួកគេសង្ឃឹមថា សហព័ន្ធនឹងពិចារណាឡើងវិញ ចំពោះការសម្រេចបង្កើនចំនួនក្រុមសមាជិកលីគកំពូលកម្ពុជា នារដូវកាលក្រោយៗ ហើយខេត្តកំពង់ចាមក៏ដូច្នេះដែរ ដោយត្រូវបានអ្នកគាំទ្រ ស្នើររៀបចំហេដ្ឋារចនាសម្ព័ន្ធឲ្យបានរឹងមាំ និងចូលរួមលីគលំដាប់ទី២ (គ្មាន) ឬពានពាក់កណ្ដាលអាជីពធំៗឲ្យបានច្រើនជាមុនសិន ដើម្បីទទួលបាននូវបទពិសោធន៍ និងពង្រឹងក្រុមឲ្យបានរឹងមាំ មុនឈានចូលមកលេងលីគ ដែលមានការប្រកួតប្រជែងកម្រិតខ្ពស់ ហើយកាន់តែខ្លាំងបន្ថែមទៀត នាថ្ងៃអនាគត។

គួរបញ្ជាក់ថា ក្រោយលត់ខេត្តកំពង់ចាម យ៉ាងចាស់ដៃក្នុងសប្ដាហ៍ទី៩ បានទៅក្រុមណាហ្គាវើល រក្សាកៅអីកំពូលតារាង និងមាន២៤ពិន្ទុ តែតាមពីក្រោយយ៉ាងប្រកៀកប្រកិតដោយក្លឹបព្រះខ័នរាជស្វាយរៀង ដែលមាន ២៣ពិន្ទុក្នុងដៃ ក្រោយយកឈ្នះក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ៣-០ កាលពីល្ងាចមិញ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់