គ្រូបង្វឹកបណ្ដោះអាសន្នភ្នំពេញក្រោន ផ្ដោតលើការពង្រឹងតំបន់ប្រយុទ្ធ ប៉ះគិរីវង់ថ្ងៃអាទិត្យនេះ

មាស សុផាណារ៉ុង May 25, 2019


 

ភ្នំពេញ៖ លោក ស៊ុម វណ្ណា គ្រូបង្វឹកបណ្ដោះអាសន្នក្លឹបបាល់ទាត់ភ្នំពេញក្រោន បានផ្ដោតលើការពង្រឹងតំបន់ប្រយុទ្ធជាសំខាន់ សម្រាប់ការត្រៀមបើកទ្វារផ្ទះទទួលក្លឹបបាល់ទាត់គិរីវង់សុខសែនជ័យ នាថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។

ការអះអាងបែបនេះ បន្ទាប់ពីលោកមានការសោកស្ដាយ ចំពោះការបង្កើតឱកាសជាច្រើន តែមិនអាចបញ្ចប់ទីបានសូម្បីតែ ១គ្រាប់ ក្នុងជំនួបទល់នឹងក្រុមម្ចាស់ផ្ទះសូលទីឡូអង្គរ នៅខេត្តសៀមរាប។ បញ្ជាក់លើប្រព័ន្ធផ្សព្វផ្សាយរបស់ក្លឹប លោក ស៊ុម វណ្ណា បាននិយាយថា «ចំពោះការរៀបចំរបស់យើងនៅសប្តាហ៍នេះ យើងមិនសូវជាមានការរៀបចំល្អប៉ុន្មាននោះទេ ព្រោះបញ្ហាអាកាសធាតុ ហើយវាជាមូលហេតុដែលធ្វើឲ្យយើងផ្លាស់ប្តូរពេលវេលាហ្វឹកហាត់ញឹកញាប់។ ពួកយើងនៅតែផ្តោតលើការសហការគ្នាជាក្រុមដើម្បីធ្វើការបញ្ចប់ទី ព្រោះការពីប្រកួតមុនយើងធ្វើបានល្អ ប៉ុន្តែយើងមានបញ្ហានៅលើការបញ្ចប់ទី។»

គ្រូបង្វឹកបណ្ដោះអាសន្នដដែល បន្ដថា «ចំពោះក្រុមគិរីវង់ ជាក្រុមមួយដែលល្អ ពួកគេមានការរៀបចំល្អ កីឡាកររបស់ពួកគេលេងពោរពេញទៅដោយឆន្ទះ ហើយបើយើងមើលទៅលើគ្រូបង្វឹករបស់ពួកគេវិញ គឺជាគ្រូបរទេសទៀត និយាយរួមពួកគេមានរបៀបនៃការលេងរបស់ពួកគេ មានការរៀបចំបានល្អ ទាំងការការពារ និងការវាយបកទៅរកគូរប្រកួត។ សម្រាប់ខ្ញុំលើការប្រកួតនេះ ខ្ញុំចង់ឲ្យកីឡាកររបស់យើងទាំងអស់ព្យាយាមសហការគ្នាបន្ថែមទៀត ទាំងកីឡាករខ្មែរ និងកីឡាករបរទេស ជាពិសេសនៅតំបន់ប្រយុទ្ធ ដើម្បីស្វែងរកគ្រាប់បាល់ក្នុងការប្រកួតនេះ។»

គួរដឹងថា នៅដើមរដូវកាលថ្មីនេះ ភ្នំពេញក្រោន បានជួបនូវរឿងមិនល្អជាច្រើន ក្រៅពីលទ្ធផល ដូចជាមានកីឡាករបរទេសរងរបួស ហើយបង្ខំចិត្តចាកចេញទៅព្យាបាលនៅស្រុកកំណើតជាបន្ដបន្ទាប់ រហូតគ្រូបង្គោលលោក Leonardo Vitorino បានចែកផ្លូវជាមួយក្លឹបទៀត ទើបលោក ស៊ុម វណ្ណា ដែលជាគ្រូជំនួស ឡើងមកដឹកនាំបណ្ដោះអាសន្ន។

រីឯក្រុមគិរីវង់វិញ ប្រកួតចុងក្រោយ ពួកគេធ្វើបានយ៉ាងល្អ ដោយលត់ក្រសួងការពារជាតិ ៤-១ ។ ដូច្នេះភ្នំពេញក្រោន ប៉ះគិរីវង់ចុងសប្ដាហ៍នេះ ក៏ជាគូជក់ចិត្ត មិនអាចធ្វេសប្រហែស សម្រាប់ក្រុមទាំងពីរផងដែរ៕

 

រូបភាព៖ ភ្នំពេញក្រោន / Phnom Penh Crown FC

អត្ថបទ៖ បុត្រា

មតិយោបល់