បឹងកេត និងសសយក.រាជធានីភ្នំពេញ ចាប់ដៃគ្នាបង្កើនពាន «វិទ្យាល័យ» មានប្រាក់រង្វាន់ ៦០លានរៀល

មាស សុផាណារ៉ុង May 24, 2019


 

ភ្នំពេញ៖ ក្លឹបបាល់ទាត់បឹងកេតអែហ្វស៊ី និងសហភាសហព័ន្ធយុវជនកម្ពុជា (សសយក) រាជធានីភ្នំពេញ បានប្រកាសចាប់ដៃគ្នារៀបចំពានរង្វាន់ជើងឯកវិទ្យាល័យ លើកទី១ ដែលគ្រោងបើកការប្រកួតនាដើមខែក្រោយ ដោយមានប្រាក់រង្វាន់ដល់ទៅ ៦០លានរៀលឯណោះ។

លោក ងួន សុភៈ ប្រធានគណៈកម្មាធិការប្រតិបត្តិរៀបចំការប្រកួត បានថ្លែងក្នុងសន្និសីទ កាលពីម្សិលមិញថា ជើងឯក «វិទ្យាល័យ» លើកដំបូងនេះ គ្រោងនឹងប្រព្រឹត្តទៅរយៈពេល ៣ខែ ចាប់ពីថ្ងៃទី០៦ ខែមិថុនា រហូតដល់ខែកញ្ញា ខាងមុខ ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន ក៏ដូចជាបំផុសស្មារតីស្រលាញ់កីឡា រឹតចំណងមិត្តភាព សាមគ្គីភាព និងចៀសឆ្ងាយពីគ្រឿងញៀនផងដែរ។

លោកបន្ដថា ពាននេះមានក្រុមមកពីគ្រឹះស្ថានអប់រំចំនួន ៩ក្រុមចូលរួម។ ចំពោះរូបមន្ដប្រកួត គឺប្រើប្រព័ន្ធប្រកួតសន្សំពិន្ទុវិលជុំ ដើម្បីកំណត់ក្រុមមានពិន្ទុខ្ពស់ជាងគេ ក្លាយជាជើងឯក។ ការប្រកួតនឹងប្រើប្រាស់ទីលានចំនួន២ គឺទីលានវិទ្យាល័យបឹងត្របែក និងវិទ្យាល័យ ជា ស៊ីម ច្បារអំពៅ។ រីឯប្រាក់រង្វាន់វិញ សម្រាប់ក្រុមជើងឯក នឹងទទួលបានប្រាក់រង្វាន់ ៦០លានរៀល, ជើងឯករង ទទួលបាន ៤០លានរៀល និងក្រុមលេខ៣ ទទួលបាន ២០លានរៀល។

ទន្ទឹមជាមួយគ្នាលោក បែ មករា អ្នកចាត់ការទូទៅក្លឹបបឹងកេត ក៏បានសម្ដែងការសប្បាយចិត្ត ចំពោះកិច្ចសហការមួយនេះផងដែរ ដើម្បីផ្ដល់ឱកាសដល់យុវជនតាមវិទ្យាល័យ បានបញ្ចេញនូវសមត្ថភាព ពិសេសបានចូលរួមលេងកីឡា ដើម្បីចៀសឆ្ងាយពីគ្រឿងញៀន។

ម្យ៉ាងវិញទៀត ក្លឹបនឹងពិចារណាជ្រើសរើសយុវជនឆ្នើម តាមរយៈការប្រកួតប្រជែងលើទីលាន ៣ខែ ដើម្បីក្លាយជាធនធានសម្រាប់បន្ដវេនក្នុងអាជីពបាល់ទាត់កម្ពុជានាថ្ងៃអនាគតផងដែរ៕

 

រូបភាព៖ ផ្ដល់ឲ្យ

អត្ថបទ៖ បុត្រា

មតិយោបល់